ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (ANOTOLI BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណងសំខាន់នៃក្នុងជំនួបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយស្ថាប័នអនុវត្តនៃប្រទេសរុស្សី ទន្ទឹមនេះភាគីទាំងពីរក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានជាមួយគ្នាជាយូរមកហើយលើគ្រប់វិស័យទាំងកម្រិតរាជរដ្ឋាភិបាល ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសហព័ន្ធសរុស្សី។
ក្នុងនោះដែរ ភាគីទាំងពីរបានឯកភាពគ្នាបន្តគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការអនុវត្តឱ្យបានភ្ជាប់ភ្ជួននិងមានភាពរីកចំរើនទៅលើសន្ធិសញ្ញា រឺកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។
ភាគីទាំងពីរ ក៏បានឯកភាពបន្តគាំទ្រគ្នាវិញទៅមកទៅលើកិច្ចសហប្រតិបត្តិការរវាងអង្គភាពនគរបាលអន្តរជាតិ(Interpol) នៃប្រទេសទាំងពីរ នៅគ្រប់វេទិការអន្តរជាតិ។
ពាក់ព័ន្ធនិងកិច្ចការនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាល Interpol កម្ពុជា ដែលជាស្ថាប័នអនុវត្តច្បាប់មានភារកិច្ចរួមសហការដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនទៅវិញទៅមកក៏ដូចជាការជួយជ្រោមជ្រែងគ្នាផ្នែកច្បាប់ពាក់ព័ន្ធទៅនឹងវិស័យព្រហ្មទណ្ឌ និងមុខសញ្ញារត់គេចខ្លួន៕