Ronaldo ប្រេស៊ីល ថា ខ្លួនល្អជាង Ronaldo ព័រទុយហ្គាល់
អតីតតារាបាល់ទាត់ប្រេស៊ីល Ronaldo Nazario ដែលជារឿយៗគេនិយមហៅថា “Ronaldo ប្រេស៊ីល ” បានប្រកាសថា ខ្លួនលេងបានល្អជាង តារាឆ្នើមព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ហើយថែមទាំងអះអាងថា Lionel Messi មានកម្រិតខ្ពស់ជាងពួកគេទាំងពីរ។
ថ្លែងនៅលើទូរទស្សន៍ Romario TV អ្នកសម្ភាសន៍ បានប្រៀបធៀបរវាង Ronaldo Nazario និងកីឡាករល្បីៗមួយចំនួន រួមមាន Thierry Henry, Erling Haaland, Robert Lewandowski, Adriano និង Cristiano Ronaldo ។ ដោយគ្មានការស្ទាក់ស្ទើរ Ronaldo បានបញ្ជាក់ថា គាត់ល្អជាងអ្នកទាំង៥នេះ។
ទោះជាយ៉ាងណានៅពេលប្រៀបធៀបរូបលោក ជាមួយ Lionel Messi អតីតវីរបុរសក្រុមស្ដេចស Real Madrid រូបនេះ បានគិតមួយសន្ទុះ មុននឹងឆ្លើយថា៖ “Messi ល្អជាង”។
Ronaldo ធ្លាប់បានសរសើរ Messi ជាកីឡាករល្អបំផុតគ្រប់ពេល។ នៅក្នុងបទសម្ភាសន៍កន្លងមក និងពេលដាក់ឈ្មោះក្រុមក្នុងក្តីស្រមៃរបស់គាត់ តែងតែរាប់បញ្ចូល Messi ហើយមិនមានវត្តមាន Cristiano Ronaldo នោះទេ។ នៅក្នុងបទសម្ភាសន៍ខែកញ្ញា ឆ្នាំ ២០២៤ ជាមួយ Goal លោក Ronaldo Nazario និយាយថា ខ្សែប្រយុទ្ធកំពូលលើពិភពលោក មានដូចជា Messi, Ronaldinho, Diego Maradona និង Pele ។
ទោះជាយ៉ាងណាក៏ដោយ Ronaldo បានទទួលស្គាល់ភាពអស្ចារ្យរបស់ Cristiano Ronaldo ក្នុងឱកាសមួយ ដោយដាក់គាត់ជាក្រុមជាមួយ Maradona, Messi និង Pele ក្នុងចំណោមកីឡាករដ៏អស្ចារ្យគ្រប់ពេល។
នៅអាយុ ៤៨ឆ្នាំ កេរ្តិ៍ដំណែលរបស់ Ronaldo Nazario ត្រូវបានសម្គាល់ ដោយពានរង្វាន់ FIFA World Player of the Year ចំនួន៣ របស់គាត់, ពានរង្វាន់ World Cup ចំនួន២ និងការប្រកបអាជីពក្លឹបដ៏អស្ចារ្យជាមួយ Barcelona, Inter Milan និង Real Madrid ។
គួរបញ្ជាក់ថា Cristiano Ronaldo ដែលបច្ចុប្បន្ន មានអាយុ ៤០ឆ្នាំ មានពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន ៥ដង, ពាន Champions League ចំនួន ៥ដង និងពានរង្វាន់ Euro 2016។ មិនដូចសមភាគីប្រេស៊ីលរបស់គាត់ទេ អាជីពរបស់ CR7 គឺមិនមានបញ្ហារបួសធំដុំទេ ដែលអាចឱ្យគាត់សម្រេចបាន ៩២៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១,២៦៣ប្រកួត ដែលធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់៕