ឯកឧត្តម ខូវ ឆាយ ៖ ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះមានគោលបំណងចង់ឲ្យមានសុខសន្តិភាពជាមួយគ្នារហូតតទៅ

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ មានគោលបំណងចង់ឲ្យមានសុខសន្តិភាពជាមួយគ្នារហូតតទៅនៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ (មិត្តភាពកម្ពុជា-ថៃ) ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើលើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ, ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះមានចំនួន ២ប្រកួត ក្នុងការប្រកួតនេះដែរ មានកីឡាករ និងតារាល្បីៗរបស់ថៃ ចំនួន ៥០នាក់ចូលរួមប្រកួត ហើយមានការផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍បាយ័ន និងស្ថានីយ៍ទូរទស្សន៍របស់ថៃ។ ប្រកួតទី១ ជាការប្រកួតរវាង ក្រុមបាល់ទាត់គុនខ្មែរ ជាមួយ ក្រុមបាល់ទាត់ Mouy Thai និងប្រកួតទី២ រវាង ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយ ក្រុមបាល់ទាត់តារាថៃ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពខាងលើនេះ ធ្វើឡើង ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ៕