Close

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព «លំហែបៃតង» នៅតំបន់ភ្នំខ្នងផ្សារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព «លំហែបៃតង» នៅតំបន់ភ្នំខ្នងផ្សារ រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព «លំហែបៃតង» នៅតំបន់ភ្នំខ្នងផ្សារ

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងបេសកកម្មនេះ លោក អ៊ាង សុផល្លែត បានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព«លំហែបៃតង»នៅតំបន់ភ្នំខ្នងផ្សារ

នាឱកាសនោះ លោកអ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតង ដើម្បីផ្តល់ផលប្រយោជន៍ជាចំណូលដល់សហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃដដែលលោក អ៊ាង សុផល្លែត និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព«លំហែបៃតង»នៅតំបន់ភ្នំខ្នងផ្សារ

តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស និង រៀបចំថ្នាលបណ្ដុះកូនឈើ ខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយចីរភាព៕

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះរៀបចំសកម្មភាព«លំហែបៃតង»នៅតំបន់ភ្នំខ្នងផ្សារ

អត្ថបទទាក់ទង