ក្រុមគោព្រៃកម្ពុជា ណាត់ ក្រុមជម្រើសជាតិអារូបា ប្រកួតមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA DAY
(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃ សុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានប្រកាសថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអារូបា
(Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង ក្នុង”ការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
មែនទែនទៅ នេះជាការប្រកួតមិត្តភាព ទីពីរហើយ សម្រាប់ក្រុមគោព្រៃកម្ពុជា ដោយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន Go Dau ក្នុងខេត្ត Binh Duong ប្រទេសវៀតណាម។
គិតមកទល់ពេលនេះ ក្រុមដែលមានរហស្សនាមគោព្រៃ នៅមិនទាន់មានគ្រូដឹកនាំផ្លូវការនៅឡើយ ពោលគឺបច្ចុប្បន្ន កំពុងដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន លោក Koji Gyotoku ដែលបន្តដឹកនាំក្រុមគោព្រៃ បន្ទាប់ពីការចាកចេញរបស់លោក Felix Delmas។
ទោះបីជាយ៉ាងណា លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបញ្ជាក់ផងដែរថា៖«លោក Koji Gyotoku នឹងទទួលបន្ទុកដឹកនាំកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិទល់វៀតណាម។ ដូច្នេះ ជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិអារូបា អាចនឹងគ្រូបង្វឹកសញ្ជាតិជប៉ុន រូបនេះ ដឹកនាំដូចគ្នា។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមជម្រើសជាតិកម្ពុជា ឈុតធំ មិនមានការប្រកួតផ្លូវការ ឬពានរង្វាន់ណាមួយឡើយ បន្ទាប់ពីធ្លាក់ពីការប្រកួតជម្រុះ World Cup 2026 និង Asian Cup 2027 ពោលគឺមានតែការប្រកួតមិត្តភាពប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជា កំបុងឈរនៅលេខ ១៨០ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ខណៈ ក្រុមជម្រើសជាតិអារូបា ស្ថិតនៅលេខរៀង ១៩៥ ពោលគឺខ្ពស់ជាងគេ ១៥លេខ៕