Real Madrid កំពុងពិចារណាដកខ្លួនពីការប្រកួតលីគកំពូលអេស្ប៉ាញ La Liga
យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Diario Sport បានរាយការណ៍ថា ក្លឹបអធិរាជស Real Madrid កំពុងពិចារណាលើលទ្ធភាពនៃការដាក់ពាក្យចូលរួមការប្រកួតជើងឯកថ្នាក់ជាតិរបស់ បារាំង អាល្លឺម៉ង់ ឬអ៊ីតាលី បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយក្រុមមន្រ្តីអាជ្ញាកណ្តាល La Liga។
កាសែត Diario Sport បាននិយាយថា ៖« ថ្នាក់ដឹកនាំក្លិប Real Madrid មានការធុញទ្រាន់ នឹងការគៀបសង្កត់របស់អាជ្ញាកណ្តាល ។ La Liga និងប្រធានរបស់ខ្លួន លោក Javier Tebas បានក្លាយជាសត្រូវរបស់ Real Madrid ។ នេះបានធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ឱ្យក្រុមរបស់ពួកគេចាកចេញពី La Liga ឆាប់ៗនេះ»។
មែនទែនទៅ Diario Sport គឺជាកាសែតកីឡាឈានមុខគេរបស់អេស្ប៉ាញ ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណា ហើយនេះ មិនមែនជាលើកទីមួយទេ ដែលកាសែតគាំទ្រ Barca មួយនេះ បានរាយការណ៍ថា Real Madrid ចង់បំបែកខ្លួនចេញពី La Liga ដូចដែលរឿងនេះ បានកើតឡើងក្នុងឆ្នាំ ២០១៧ ឬ ២០២១។ នៅពេលនោះ ប្រធាន Florentino Perez ត្រូវបានគេនិយាយថា ចង់ឲ្យ Real ចូលរួម Premier League ឬបង្កើតលីគថ្មី Super League ។
លើកនេះ កាសែត Catalan ជឿជាក់ថា ម្ចាស់ជើងឯក Champions League ដែលកំពុងគ្រងដំណែងចង់ផ្លាស់ទៅ Ligue 1, Bundesliga ឬ Serie A។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើរឿងនេះគឺស្មុគស្មាញណាស់ វាមិនអាចកើតឡើងក្នុងរយៈពេលខ្លីបានទេ។ Real នឹងត្រូវការការអនុញ្ញាតពី FIFA, UEFA និងសហព័ន្ធថ្មី។
និយាយឲ្យអស់ទៅ ការប្រកួតណា ដែលមានវត្តមាន Real Madrid នឹងកាន់តែទាក់ទាញ ពីព្រោះពួកគេជាក្លឹបដែលជោគជ័យបំផុតនៅអឺរ៉ុប ជាមួយនឹងពានរង្វាន់ Champions League ចំនួន ១៥ដង។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយជឿថា លទ្ធភាពនេះ នៅតែអាចទៅរួច។
មូលហេតុ ដែល Real ចង់បំបែកចេញពី La Liga លើកនេះ ហេតុផលមួយ គឺដោយសារអាជ្ញាកណ្តាល។ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ថ្នាក់ដឹកនាំក្រុមបានផ្ញើលិខិតមួយច្បាប់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដោយត្អូញត្អែរអំពីកំហុសរបស់អាជ្ញាកណ្តាល ដែលធ្វើអោយប៉ះពាល់ដល់ Real Madrid ។ នៅក្នុងលិខិតដែលមានបួនទំព័រ ក្រុមនេះ បាននិយាយថា ៖«ប្រព័ន្ធអាជ្ញាកណ្តាល បានបាត់បង់ភាពជឿជាក់ទាំងស្រុង»។
គួររំលឹកថា Barca ធ្លាប់បានផ្ទេរប្រាក់ ១.៥ លានដុល្លារ ទៅឱ្យអនុប្រធានក្រុមប្រឹក្សាអាជ្ញាកណ្តាលអេស្ប៉ាញ រវាងឆ្នាំ ២០១៦ និង ២០១៨។ ក្នុងអំឡុងពេលនេះ Real បានឈ្នះ Champions League បីដង ខណៈដែល Barca ឈ្នះ La Liga ២ដង។
ករណីរបស់ Real Madrid គឺស្រដៀងនឹង ក្លិបបាល់ទាត់ TIFFY Army FC ដែលបានពិចារណាដកខ្លួនចេញពីលីគកំពូលម្ពុជា CPL រដូវកាល 2024/25 ដោយសារការពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកកាន់ក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាករ នៅក្នុងការប្រកួតដ៏អយុត្តិធម៌កាលពីសប្ដាហ៍ទី៧ ទល់នឹងក្លិបវិសាខា ដោយសារការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល៕