ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត
សៀមរាប៖ ផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Road Project) ប្រវែងប្រមាណ ៤៦គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការសិក្សា និងឈានទៅបើកការដ្ឋាន ចាប់ពីចំណុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតទៅដល់ ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
គម្រោងនេះ(Green Siem Reap Urban Bypass Road Project) ត្រូវបានក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ព្រមជាមួយ ក្រុមការងារជំនាញ នៃរដ្ឋបាលខេត្តសៀមរាប ធ្វើការចុះពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ។
ការចុះសិក្សានេះ មានគោលបំណង កំណត់នូវនិយាមកា និងតម្រាយផ្លូវច្បាស់លាស់ នៅលើប្លង់ទីតាំងផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងការចំណាយឱ្យមានកម្រិតទាប។
គួរជម្រាបថា គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) នឹងប្រើប្រាស់ថវិកាសាងសង់ ក្រោមក្របខណ្ឌឥណទានសហប្រតិបត្តិការរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។