Mbappe ៖ ខ្ញុំត្រូវការសម្ពាធ ដើម្បីលេងឱ្យបានល្អ
ខ្សែប្រយុទ្ធរបស់ក្រុមស្ដេចស Real Madrid កីឡាករ Kylian Mbappe បានអះអាងថា ការរងសម្ពាធជុំវិញខ្លួន មិនបានធ្វើឲ្យរូបគេបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញ វាបានជំរុញឱ្យរូបគេលេងបានល្អជាងមុន។
Mbappe បានចូលរួមជាមួយ Real Madrid នៅដើមខែសីហា ឆ្នាំ ២០២៤ លើការផ្ទេរដោយឥតគិតថ្លៃពី PSG ។ ទោះបីជាធ្វើបានល្អជាមយយក្រុមចាស់ PSG ដែលស៊ុតបញ្ចូលទីបាន ២៥៦គ្រាប់ ប៉ុន្តែ Mbappe ត្រូវបានគេរិះគន់ថា មិនដឹងពីរបៀបលេងជាខ្សែប្រយុទ្ធកណ្តាល ដែលជាទីតាំង ដែលគាត់លេង ខណៈពេលដែល Vinicius នៅតែលេងជាខ្សែបម្រើស្លាបឆ្វេង។ ប៉ុន្តែបន្ទាប់ពីរងសម្ពាធមួយរយៈមក Mbappe លេងបានល្អបន្តិចម្តងៗ។ ជាក់ស្ដែង ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ហើយ ក្នុងរដូវកាលនេះ ។ Mbappe ក៏បានឈ្នះពាន ២ ជាមួយ Real ផងដែរ រួមទាំងពាន European Super Cup និង FIFA Intercontinental Cup ។
Mbappe បាននិយាយនៅក្នុងភាពយន្តឯកសារថ្មី របស់ Real Madrid ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះថា ៖«វាងាយស្រួលណាស់ ក្នុងការនិយាយថា ខ្ញុំមានសុបិនចង់លេងឱ្យ Real Madrid ប៉ុន្តែអ្នកលេងខ្លះមិនអាចគ្រប់គ្រងសម្ពាធបានទេ នៅពេលដែលចូលរួមជាមួយក្លិបដ៏ធំមួយនេះ។ តែខ្ញុំត្រូវការសម្ពាធ ដើម្បីលេងឱ្យបានល្អ និងលះបង់ដើម្បីក្រុម»។
ក្រៅពីសម្ពាធ Mbappe ក៏មានអារម្មណ៍ស្រលាញ់អ្នកគាំទ្រផងដែរ។ អ្នកគាំទ្រ Real បានរង់ចាំគាត់តាំងពីខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ កំពុងលេងឱ្យ PSG ដោយស្វាគមន៍គាត់យ៉ាងកក់ក្តៅ នៅពេលរូបគេចូលរួម និងលើកទឹកចិត្តរាល់ពេលដែលរូបគេលេង ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ Mbappe ក៏រក្សាការចងចាំនៃការស៊ុតបញ្ចូលទី និងការឈ្នះពានរង្វាន់មួយនៅនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ Real Madrid ដែលជាការឈ្នះពានរង្វាន់ European Super Cup លើក្រុម Atalanta កាលពីខែសីហា។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង បាននិយាយថា៖ «សម្រាប់ខ្ញុំ វាពិតជាពេលវេលាដ៏អស្ចារ្យ។ សង្ឃឹមថាយើងនឹងឈ្នះច្រើនទៀត»។
គួរបញ្ជាក់ថា Real Madrid បច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Copa del Rey ហើយកំពុងឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League ។ ក្នុងជើងទីមួយ នៃវគ្គ Play-off នៅថ្ងៃទី ១១ ខែកុម្ភៈ Mbappe បានចូលរួមចំណែកមួយគ្រាប់ ក្នុងជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Man City៕