Close

សម្ដេចក្រឡាហោម ស ខេង ៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ សម្ដេចក្រឡាហោម ស ខេង ៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ មានគោលដៅចម្បងក្នុងការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងដូច្នេះ អំឡុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ៖«គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។ សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។ សម្ដេច បន្ថែមថាជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកអចិន្ត្រៃយ៍ គ.ជ.ដ.អ. បានធ្វើរបាយការណ៍ឱ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ Vital Strategies ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានប្រជុំឆ្លងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍ និងបានបញ្ចប់សេចក្តីព្រាងទាំងស្រុងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ និងបានរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តិជាបន្តបន្ទាប់។

ចំពោះការពង្រឹងយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងថាបន្ទាប់ពីបានអនុវត្តសាកល្បងការងារនេះនៅឃុំ សង្កាត់ចំនួន២៤រួចមក ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ ផ្អែកលើបទពិសោធន៍ល្អនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រោងសិក្សាអនុវត្តយន្តការនេះនៅឃុំ សង្កាត់ ចំនួន៥០០ទៀត។ ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្មនេះដែរ ឯកឧត្តម ក៏បានរាយការណ៍អំពីការទទួលយកព័ត៌មាន មតិយោបល់ សំណើរ និងសំណូមពរនានាដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអត្តសញ្ញាណកម្មជូននប្រជាពលរដ្ឋជាង៧ពាន់នាក់។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋជិត១សែននាក់បានទាញយកកម្មវិធី GDI eServices ទៅប្រើប្រាស់ផងដែរ។

នាឱកាសនោះដែរ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាសមាជិក គ.ជ.ដ.អ. បានធ្វើរបាយការណ៍សង្ខេបស្ដីអំពីដំណើរការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិះអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយសេចក្ដីព្រាងច្បាប់នេះមានចំនួន១២ជំពូក ស្មើនឹង១៨២មាត្រា គឺជំពូកទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ ការចុះបញ្ជីអត្រានុកូលដ្ឋាន ជំពូកទី៣ ស្ថិតិអត្រានុកូលដ្ឋាន ជំពូកទី៤ ការចុះបញ្ជីស្នាក់នៅ ជំពូកទី៥ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជំពូកទី៦ ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ជំពូកទី៧ ការប្រើប្រាស់ ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ ជំពូកទី៨ អំពីកម្រៃសេវា ជំពូកទី៩ ការត្រួតពិនិត្យ និងអធិការកិច្ច ជំពូកទី១០ ទោសប្បញ្ញាត្តិ ជំពូកទី១១ អន្តរប្បញ្ញត្តិ និងជំពូកទី១២ អវសានប្បញ្ញតិ។

បន្ទាប់ពីស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពី វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ រាយការណ៍ដោយឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងការដាក់ចេញទិដៅបន្តដ៏មានសារៈសំខាន់ និងចាំបាច់នានា។ សម្ដចក៏បានផ្ដល់អនុសាសន៍បន្ថែមចំពោះសំណូមពរមួយចំនួនផងដែរ។
យោងតាមរបាយការណ៍ សម្រាប់ឆ្នាំ២០២៣នេះ គ.ជ.ដ.អ. ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ សង្កាត់ចំនួន៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្ត យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មក្នុងជំហានទី១ និងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDX។

អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម នឹងបន្តសហការជាមួយក្រសួងសុខាភិបាល ជំរុញការសាកល្បងតភ្ជាប់ប្រព័ន្ធជូនដំណឹងអំពីព្រឹត្តិការណ៍ កំណើតរស់ មរណភាព និងមូលហេតុនៃមរណភាព ពីមូលដ្ឋានសុខាភិបាល ហើយដោយមានការគាំទ្រពីមូលនិធិ Bloomberg Philanthropies អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងបន្តសហការជាមួយអង្គការ Vital Strategies ដល់ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តការងារកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ព្រមទាំងទទួលការគាំទ្រផ្នែកច្បាប់ ក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមសេចក្តីព្រាងច្បាប់ខាងលើ។

អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ក៏នឹងសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដើម្បីផ្តល់ទិន្នន័យអត្រានុកូលដ្ឋាន សម្រាប់បម្រើឱ្យការផលិតរបាយការណ៍ស្ថិតិអត្រានុកូលដ្ឋាន ស្របតាមអនុសាសន៍អង្គការសហប្រជាជាតិ បន្តសហការជាមួយក្រុមហ៊ុន HSC ដើម្បីអនុវត្តគម្រោងវិនិយោគលើការផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រង ការងារអត្តសញ្ញាណកម្ម និងកសាងមជ្ឈមណ្ឌលសម្រាប់សេវាច្រកចេញចូលតែមួយ និងអគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទទាក់ទង