ថៃ បញ្ចេញ logo និងម៉ាស្កូត ផ្លូវការ សម្រាប់ស៊ីហ្គេម លើកទី៣៣
ប្រទេសថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ បានបង្ហាញរូបសញ្ញា logo និងម៉ាស្កូតផ្លូវការរបស់ព្រឹត្តិការណ៍មួយនេះហើយ ពោលគឺមានរយៈពេលជិតមួយឆ្នាំ មុនការប្រកួតចាប់ផ្ដើម។
រូបម៉ាស្កូត ចំនួន ៥ផ្សេងគ្នា ដែលត្រូវបានគេដាក់ឈ្មោះថា “The Sans” ត្រូវបានបង្ហាញជាផ្លូវការ ដែលរូបនីមួយៗ ត្រូវបានបំផុសគំនិតដោយរាងធរណីមាត្រ ដែលមានប្រភពចេញពីគំនូរបុរាណថៃ។ តួអង្គទាំងនីមួយៗ មានរូបរាង និងពណ៌តែមួយគត់ ពោលគឺមានពណ៌ បៃតង ខៀវ លឿង ផ្កាឈូក និងក្រហម ដែលតំណាងឱ្យបុគ្គល ឯកភាព និងភាពចម្រុះនៃវប្បធម៌។ យោងទៅតាមអ្នករៀបចំ តុក្កតាទាំងនោះ បានបញ្ចូលគ្នានូវភាពទំនើបចូលទៅក្នុងមរតកដ៏សម្បូរបែបរបស់ប្រទេសថៃ។
ទន្ទឹមនឹងនេះ ស្លាកសញ្ញាស៊ីហ្គេមលើកទី ៣៣ បញ្ចូលឆ្នូតចម្រុះពណ៌ ដែលនឹកឃើញដល់វិស័យកីឡា រួមផ្សំជាមួយនឹងធាតុផ្សំនៃស្ថាបត្យកម្មថៃបុរាណ ដែលរំលេចនូវកេរដំណែលវប្បធម៌របស់ប្រទេសជាប់កម្ពុជាយើងនេះ។ ទាំងឡូហ្គោ និងម៉ាស្កូត ត្រូវបានរចនាឡើង ដោយវិចិត្រករល្បីឈ្មោះ Thiranop Wangsilpakun ។
គួររំលឹកថា កាលពីស៊ីហ្គេម លើកទី៣២ Logo ស៊ីហ្គេមកម្ពុជា មានរូបប្រាសាទអង្គរវត្តពណ៌មាសនៅផ្នែកខាងលើ និងមានរូបកងតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ាននៅ ខាងក្រោមរូបប្រាសាទអង្គរវត្ត។ នៅក្រោមកងពណ៌មាសមានសត្វនាគចំនួន៤(ពណ៌បៃតង, ក្រហម, ខៀវ, លឿង) ដែលកន្ទុយ របស់វាព័ន្ធចូលគ្នា ហើយនៅក្រោមនាគទាំង៤ មានសរសេរពាក្យ The 32nd SEA Games Cambodia 2023 រំលេចដោយ ពណ៌មាស។
ចំណែក Mascot គឺមានរូបសុភាទន្សាយញីឈ្មោលចំនួនពីរក្បាល។ ក្នុងនោះសុភាទន្សាយញី ដែលមានឈ្មោះ រំដួល ស្លៀកខោ ពណ៌ក្រហមចងក្រវាត់ក្រមា ខណៈដៃលើកសំពះដោយមានចងខ្សែនៅដើមដៃទាំងសងខាង។ ចំណែកនៅលើក្បាលមានចងក្រមា ពណ៌ក្រហម រំលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។ រីឯសុភាឈ្មោលមានឈ្មោះ បុរី ស្លៀកខោពណ៌ខៀវចងក្រវាត់ក្រមានៅ ចង្កេះ ដៃខាងស្តាំកាន់ភ្លើងគប់ និងមានចងក្រមាពណ៌ខៀវនៅលើក្បាល មានទង់ជាតិកម្ពុជានៅចំកណ្តាល។
គួរបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី ៣៣ នឹងមានប្រភេទកីឡាចំនួន៥០ ដោយបែងចែកជា ៥៧៤វិញ្ញាសា ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា៕