លោក Ancelotti ថា ការប្រឈមមុខនឹង លោក Pep Guardiola គឺជាសុបិន្តអាក្រក់
គ្រូបង្វឹកក្រុមស្ដេចស Real Madrid បានសារភាពថា លោកមិនចង់ជួបជាមួយក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola ក្នុងវគ្គ Play-off នៃក្របខ័ណ្ឌ Champions League នោះទេ។
ថ្លែងនៅក្នុងសន្និសិទ្ធមុនការប្រកួត នៅថ្ងៃ អង្គារនេះ លោក Carlo Ancelotti
បាននិយាយថា៖« សម្រាប់ខ្ញុំ Guardiola គឺជាគ្រូបង្វឹកដែលចូលរួមចំណែកច្រើនក្នុងវិស័យបាល់ទាត់ ទាំងការប្រយុទ្ធ ការគ្រប់គ្រងបាល់ និងការដាក់សម្ពាធជាដើម។ គាត់គឺជាអ្នកច្នៃប្រឌិតបាល់ទាត់ ដែលខ្ញុំគោរពខ្លាំងណាស់។ រាល់ពេលដែលយើងជួបមុខគ្នា ការរៀបចំសម្រាប់ការប្រកួតគឺជាសុបិន្តអាក្រក់»។
ជាមួយនឹងទម្រង់ថ្មី ឆ្នាំនេះ មានតែក្រុមកំពូលទាំង៨ក្នុងវគ្គចែកពូលប៉ុណ្ណោះ ដែលនឹងឈានទៅជុំទី ១៦ ដោយស្វ័យប្រវត្តិ។ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៩ ដល់ទី ២៤ នឹងត្រូវប្រកួតក្នុងវគ្គ Play-off សម្រាប់កៅអីចំនួន ៨ទៀត ដែលនៅសេសសល់ ហើយក្នុងនោះ ក៏មាន Man City និង Real Madrid ផងដែរ។ ក្រុមទាំងពីរ នឹងប្រកួតជើងទីមួយនៅយប់ថ្ងៃទី ១១ ខែកុម្ភៈនេះ នៅកីឡដ្ឋាន Etihad ដោយជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ នៅកីឡដ្ឋាន Bernabeu របស់ Real Madrid។
មែនទែនទៅ នេះក៏ជាលើកទី៤ជាប់គ្នា ដែលលោក Ancelotti និងលោក Guardiola បានជួបគ្នានៅ Champions League។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានជួយ Real ឈ្នះ ៦-៥ សរុបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរដូវកាល 2021-22 និង ៤-៣ ក្នុងការស៊ុតបាល់ប៉េណាល់ទីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ 2023-24 ប៉ុន្តែចាញ់ ១-៥ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ 2022-23 ។
យោងតាមលោក Ancelotti ក្រុម Real និង Man City បានជួបគ្នានៅដើមរដូវកាលនេះ ប៉ុន្តែបានសារភាពថា វាគឺដោយសារតែក្រុមទាំងពីរលេងមិនបានល្អក្នុងវគ្គចែកពូល។ លោក Ancelotti បានប្រៀបធៀបការប្រឈមមុខដាក់គ្នានេះ ទៅនឹង El Clasico រវាង Barca និង Real ក្នុងប្រទេសអេស្ប៉ាញ ដោយសារតែពួកគេបានជួបគ្នាម្តងហើយម្តងទៀត ក្នុងរដូវកាលកន្លងមក។
ក្រុមទាំងពីរ ហាក់មិនមានភាពស៊ីសង្វាក់គ្នាទេ កាលពីពេលថ្មីៗនេះ។ នៅក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ Man City បានចាញ់ក្រុម Arsenal ៥-១ ។ Real Madrid ក៏ខកចិត្តដែរ ដោយស្មើ ១-១ ជាមួយ Atletico នៅ La Liga ។ ប៉ុន្តែយោងទៅតាមលោក Ancelotti Man City នៅតែជាក្រុមល្អបំផុតមួយនៅអឺរ៉ុប ហើយគាត់ថែមទាំងត្រៀមខ្លួនទទួលយកការបរាជ័យ និងការរិះគន់ផងដែរ។
គួររំលឹកថា នៅចុងខែតុលា ឆ្នាំ ២០២៤ លោក Ancelotti និងគណៈប្រតិភូ Real បានសម្រេចចិត្តមិនធ្វើដំណើរទៅទីក្រុងប៉ារីស សម្រាប់ពិធីប្រគល់ពាន Ballon d’Or នោះទេ។ នៅពេលនោះ ប្រធាន Florentino Perez បានលុបចោលការធ្វើដំណើរ បន្ទាប់ពីទទួលបានដំណឹងថា Vinicius បានចាញ់ Rodri របស់ Man City។ លោក Ancelotti បានបន្ថែមថា ៖«Vinicius សមនឹងឈ្នះនៅឆ្នាំនេះ ប៉ុន្តែ Rodri គួរតែឈ្នះ កាលពីឆ្នាំមុន»៕