រូម៉ានី ក្លាយជាប្រទេសទី២បញ្ជាទិញរថក្រោះ Abram បន្ទាប៉ពីប៉ូឡូញ
បរទេស៖ ថ្មីៗនេះរដ្ឋាភិបាលរបស់ប្រទេសរូម៉ានី បានប្រកាសអំពីផែនការក្នុងការបញ្ជារទិញរថក្រោះប្រភេទ Abram ដ៏មានតម្លៃរបស់អាមេរិកពោលគឺនៅក្រោយដែលប៉ូឡូញបានចំណាយលុយដល់ទៅរាប់ពាន់លានដុល្លារទិញយករថក្រោះផលិតនៅអាមេរិកនេះកាលពីខែមេសាកន្លងមក។
យោងតាមការបញ្ជាក់ដោយមេបញ្ជាការយោធារូម៉ានី លោក Teodor Incicas បានឲ្យដឹងដែរថាការជ្រើសរើសប្រភេទរថក្រោះនេះត្រូវបានសម្រេចចិត្តដោយកងកម្លាំងទ័ពជើងគោករបស់ប្រទេស ហើយវានឹងត្រូវយកមកជំនួសឲ្យកងកម្លាំងរថក្រោះរបស់រូម៉ានីដែលភាគច្រើនសុទ្ធតែជាផលិតផលសេសសល់ពីសម័យសហភាពសូវៀតប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី មន្ត្រីក្រសួងការពារជាតិរូបនេះមិនបានបញ្ជាក់លំអិតអំពីចំនួន និងទំហំថវិកាដែលត្រូវចំណាយនោះទេ ខណៈដែលប្រភពព័ត៌មានក្នុងស្រុកបានចេញផ្សាយថាវាមានចំនួនប្រហែលជា៥៤គ្រឿង។
គួរឲ្យដឹងដែរថា រូម៉ានី បានក្លាយទៅជាអតិថិជនទី២របស់អាមេរិកពីតំបន់អឺរ៉ុបខាងកើតក្នុងការបញ្ជាទិញរថក្រោះ Abram នេះបន្ទាប់ពីប៉ូឡូញ។
ប៉ូឡូញ បានបញ្ជារទិញរថក្រោះនេះប្រមាណជា២៥០គ្រឿងកាលពីខែមេសាម្តងហើយក្នុងកញ្ចប់ថវិកាសរុបប្រមាណជា ៤,៧៥ពាន់លានដុល្លារ ហើយកាលពីខែមករាកន្លងមកនេះ ប៉ូឡូញបានធ្វើការបញ្ជាទិញកញ្ចប់ថ្មីផ្សេងទៀតដែលមានតម្លៃ ១,៤ពាន់លានដុល្លារ ឬប្រមាណជា១១៦គ្រឿង ហើយតាមផែនការវានឹងត្រូវដឹកជញ្ជូនមកដល់ប៉ូឡូញនៅក្នុងឆ្នាំនេះ៕