លោក Pep Guardiola សម្រេចលែងលះជាមួយប្រពន្ធ ក្រោយរួមរស់ជាមួយគ្នា ៣០ឆ្នាំ
អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola និងភរិយា Cristina Serra បានសម្រេចចិត្តចែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាជាង ៣០ឆ្នាំ ដោយបន្សល់ទុកចំណងដៃកូនចំនួន ៣នាក់។
ប្តីប្រពន្ធនេះ បានជួបគ្នា នៅឆ្នាំ ១៩៩៤ នៅពេលដែល លោក Guardiola ជាកីឡាកររបស់ Barcelona ដែលមានអាយុ ២៣ឆ្នាំ ហើយ លោកស្រី Cristina Serra ពេលនោះ មានអាយុ ២០ឆ្នាំ។ ក្នុង ២០១៤ ពួកគេបានរៀបការក្នុងពិធីឯកជនមួយនៅជិត Barcelona ហើយមកទល់ពេលនេះ មានកូនបីនាក់គឺដែលមានឈ្មោះថា Maria អាយុ ២៤ឆ្នាំ, Marius ២២ឆ្នាំ និង Valentina ១៧ឆ្នាំ។
យោងតាមកាសែតអេស្ប៉ាញ អស់រយៈពេលជាង ៥ឆ្នាំមកហើយ ពួកគេត្រូវបានរាយការណ៍ថា មិនបានរស់នៅជាមួយគ្នានោះទេ ដោយ Serra រស់នៅក្នុងទីក្រុង Barcelona ជាមួយកូនស្រីពៅរបស់ពួកគេ គឺ Valentina ខណៈដែល Guardiola ស្នាក់នៅក្នុងទីក្រុង Manchester ។
លោកស្រី Serra បានត្រលប់ទៅប្រទេសអេស្ប៉ាញវិញ នៅឆ្នាំ ២០១៩ ដើម្បីផ្តោតលើក្រុមហ៊ុនម៉ូដរបស់គ្រួសារលោកស្រី Serra Claret ដែលជាម៉ាកយីហោប្រណីត ដែលតែងតែពាក់ដោយលោក Guardiola ។ ទោះបីជារស់នៅដាច់ពីគ្នាក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហា និងត្រូវបានគេឃើញនៅជាមួយគ្នាជាសាធារណៈ។
នៅខែមិថុនា ឆ្នាំ ២០២៣ លោកស្រី Serra ដែលជាអតីតអ្នកកាសែត និងជាអ្នកនិពន្ធ បានមកទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីអបអរសាទរជាមួយស្វាមីរបស់នាង បន្ទាប់ពីក្រុម Manchester City ឈ្នះពាន Champions League លើក្រុម Inter Milan ។ កាលពីខែកក្កដា គូស្នេហ៍មួយគូនេះ ក៏បានទស្សនា Wimbledon ជាមួយគ្នា ផងដែរ។
បើតាមរបាយការណ៍បង្ហាញថា គូស្នេហ៍មួយគូនេះ បានសម្រេចចិត្តបែកគ្នា នៅខែធ្នូ ឆ្នាំ ២០២៣ ដោយរក្សាព័ត៌មានជាឯកជន ក្នុងចំណោមសមាជិកគ្រួសារជិតស្និទ្ធ។
លោក Guardiola វ័យ ៥៣ឆ្នាំ ដែលបានគ្រប់គ្រង Man City តាំងពីឆ្នាំ ២០១៦ ថ្មីៗនេះ បានបន្តកិច្ចសន្យារបស់ក្លិប រហូតដល់ឆ្នាំ ២០២៦ ។ នៅ Man City លោកបានដឹកនាំក្លឹបឱ្យទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ៦ដង ពានរង្វាន់ FA Cup ចំនួន ២ដង ពានរង្វាន់ League Cup ចំនួន ៣ដង និងពានរង្វាន់ចំនួន៣ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំ ២០២៣។
ក្រោមការដឹកនាំរបស់លោក Guardiola ក្លឹប Man City បានក្លាយជាក្លឹបដំបូង រកបាន ១០០ពិន្ទុ ក្នុង Premier League រដូវកាល ២០១៧-១៨ ដែលជាក្លឹបដំបូង ដែលឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៤ ក្នុងមួយរដូវកាល ២០១៨-១៩ និងជាក្លឹបដំបូង ដែលឈ្នះពានរង្វាន់ Premier League ៤ជាប់ៗគ្នា៕