Close

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន កីឡា
សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនី តាមស្ថានីយទូរទស្សន៍ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត។

បន្ទាប់ពីពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ។ ដូច្នេះហើយ ដើម្បីរក្សាបាននូវសុខភាពផ្លូវការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បានស្នើដល់ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ ៩ចំណុច ដូចខាងក្រោម៖

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត

១- កីឡាករ កីឡាការិនី បន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិចពីរសប្តាហ៍ ទើបអាចចាប់គូ ប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង និងមានការអនុញ្ញាតពីសហព័ន្ធ.
២- កីឡាករ កីឡាការិនីមុនចាប់គូឱ្យប្រកួត ត្រូវបានត្រួតពិនិត្យកាយសម្បទា សុខភាពពីគ្រូពេទ្យរបស់សហព័ន្ធជាមុន។
៣- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរ ត្រូវសម្រាកចាប់គូប្រកួតយ៉ាងតិចរយៈ ពេល ៣សប្តាហ៍។
៤- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរលើកទី២ ត្រូវសម្រាកចាប់គូប្រកួត យ៉ាងតិចរយៈពេល ៦សប្តាហ៍ និងត្រូវធ្វើការពិនិត្យខួរក្បាល ព្រមទាំងមានការបញ្ជាក់ពីគ្រូពេទ្យ ទើបអាចបន្តចាប់គូប្រកួតបានទៀត។
៥- ការកំណត់តម្លៃខ្លួនកីឡាករ កីឡាការិនី តម្លៃក្លឹបជាសមត្ថកិច្ចរបស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី។
៦- ការចាប់គូកីឡាករ កីឡាការិនីប្រកួតនៅតាមស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងៗ ត្រូវមានការឯកភាពពីសហព័ន្ធជាមុន។
៧- កីឡាករ កីឡាការិនីណា ដែលស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី បានចាប់គូរួចហើយមានការឯកភាពពីសហព័ន្ធ មិនអនុញ្ញាតឱ្យចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងត្រួតគ្នាក្នុងសប្តាហ៍តែមួយឡើយ។
៨- សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតជាក្រុមការងារពិនិត្យលើការចាប់គូប្រកួតប្រចាំសប្តាហ៍។
៩-គ្រប់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងម្ចាស់កម្មវិធីត្រូវតែសហការល្អជាមួយសហព័ន្ធ ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ។

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត

បន្ថែមពីលើនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ត្រៀមវិធានាការមួយចំនួន សម្រាប់ធ្វើការណែនាំ និងដាក់វិន័យ ចំពោះកីឡាករ-កីឡាការិនី ដែលមិនព្រមអនុវត្តផងដែរ មានដូចជា៖
១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើសិនជាកំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា។
២- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។
៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៣។
៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៤។
៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ ។

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត

គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជាការអភិវឌ្ឍន៍នូវធនធានបន្ដវេន ដើម្បីធានាបាននូវនិរន្ដរភាព សម្រាប់ការប្រកួតវិស័យកីឡាក្បាច់គុនខ្មែរ ក្នុងនោះសម្ដេចបានផ្ដល់ការណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ទី១- ត្រូវពិនិត្យមើលចាប់ផ្គូរផ្គងកីឡាករឲ្យឡើងប្រកួត បន្ទាប់ពីសម្ដេចសង្កេតឃើញមានការប្រកួតញឹកញាប់ពេក ធ្វើឲ្យប៉ះពាល់ដល់គុណភាព ឬខូចកីឡាករ៕

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត