២-៣ ឆ្នាំ ចុងក្រោយនេះ ផ្ទៃដីផលិតកម្មស្រូវនៅក្នុងខេត្តពោធិ៍សាត់បានកើនឡើងដល់ជិត ២០ម៉ឺនហិកតា
ពោធិសាត់៖ ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ផ្ទៃដីផលិតកម្មស្រូវនៅក្នុងខេត្តពោធិ៍សាត់បានកើនឡើងគួរឱ្យកកត់សម្គាល់ ពីត្រឹមជាង១៥ ម៉ឺនហិកតា រហូតដល់ជិត២០ ម៉ឺន ហិកតា បើគិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ នេះ បើតាមលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឃឹម ហ្វីណង់ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានពន្យល់ថា មួយផ្នែកធំនៃកំណើននេះកើតចេញពីការពង្រីកផលិតកម្មស្រូវរដូវប្រាំងនៅលើផ្ទៃដីស្រូវរដូវវស្សា ដែលក្នុងនោះ មានជិត២ម៉ឺនហិកតា ត្រូវបានធ្វើនៅលើតំបន់ដែលងាយរងហានិភ័យពីការខ្វះខាតទឹក និងប្រឈមនឹងជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ ព្រមទាំងបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធធារាស្ត្ររបស់យើងដែលមានស្រាប់។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកខេត្តពោធិ៍សាត់ លោក ឃឹម ហ្វីណង់ បានណែនាំឱ្យមន្ទីរព្យាយាមចងក្រងបងប្អូនកសិករដែលធ្វើផលិតកម្មស្រូវប្រាំងនៅលើតំបន់ដែលមានភាពប្រថុយប្រថានខ្ពស់ទាំងនោះ ឱ្យទៅជាសហគមន៍កសិកម្មទំនើប និងរៀបចំជាផែនទីតម្រង់ទិសឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង ផ្សព្វផ្សាយ ក៏ដូចជាត្រៀមផែនការអន្តរាគមន៍ក្នុងករណីចាំបាច់៕