សហគមន៍ទេសចរណ៍អន្លង់ស្វាយ មានអំណោយផលទាំងផ្នែកទេសចរណ៍ និងធនធានធម្មជាតិ
ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ជាគោលដៅទេសចរណ៍មួយដែលមានអំណោយផលធម្មជាតិច្រើន ប្រភេទ។ ក្រៅតែពីទីតាំងទេសចរណ៍ធម្មជាតិនេះទៅ សហគមន៍មួយនេះក៏មានធនធានធម្មជាតិម្យ៉ាងដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនផងដែរ។
ជាមួយនឹងទឹកជ្រោះត្រជាក់ស្រេបលាក់ខ្លួនកណ្ដាលព្រៃ សហគមន៍នេះបានល្បួងនូវទេសចរដែលនិយមធ្វើដំណើរកម្សាន្ដតាមព្រៃភ្នំឱ្យជាប់ចិត្តទៅនឹងសម្រស់ទឹកដីអន្លង់ស្វាយ។ នៅក្នុងភូមិឯណោះវិញ វាលស្រែពណ៌បៃតងខ្ចីនាខែវស្សា កំពុងលាតសន្ធឹងដាច់កន្ទុយភ្នែករហូតដល់ជើងភ្នំឱរ៉ាល់ ដែលបង្កើតជាទស្សនីយភាពមួយបែបផ្សេងទៀត។
ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែតំបន់នេះ ជាតំបន់ដាច់ស្រយាល ម្ល៉ោះហើយវាមិនមែនជាគោលដៅរបស់ភ្ញៀវទេសចរទូទៅនោះទេ។ កត្តានេះហើយដែលធ្វើឱ្យចំណូលដែលបានមកពីទេសចរណ៍ មិនទាន់បានក្លាយជាចំណូលគោលរបស់សហគមន៍នៅឡើយទេ។
ដោយឡែក ទេសចរណ៍ក៏មិនមែនជាចំណូលតែមួយមុខរបស់សហគមន៍អន្លង់ស្វាយដែរ។ តំបន់នេះមានអំណោយផលខ្លាំងលើអនុផលធនធានធម្មជាតិគឺ «ឫស្សីព្រៃ» ដែលតាំងពីដើមមក ប្រជាជនក្នុងតំបន់នេះតែងពឹងពំនាក់លើការដកហូតយកឫស្សីព្រៃសម្រាប់លក់។
បើតាមអ្នកដំណាងសហគមន៍ធម្មជាតិមួយកន្លែងនេះបានឱ្យដឹងថា ព្រៃឫស្សីគឺជាធនធានធម្មជាតិដ៏សម្បូរ ដែលដុះនៅក្នុងតំបន់នេះតាំងពីដើមរៀងមក ហើយក៏ជាប្រភពចំណូលគោលប្រចាំសហគមន៍ផងដែរ។
លោក នុត ហេង ដែលជាអ្នកតំណាងសហគមន៍បានមានប្រសាសន៍ថា៖ «សហគមន៍ខ្ញុំមាន ធនធានមានស្រាប់តាំងពីដើម ដែលជាលក្ខណៈអំណោយផលមួយ មានដូចជាទឹកជ្រោះ ព្រៃភ្នំ និងអនុផលធម្មជាតិ ឫស្សីព្រៃ ផ្សិត វ័ល្លិ៍ ជាឧសថជាដើម
ហើយសម្រាប់ឫស្សីព្រៃវិញគឺមានការដកហូតជានិច្ច ប៉ុន្តែខាងបច្ចេកទេសគេមានការដកហូតតាមតំបន់នីមួយៗ មិនដកឱ្យលើសកម្រិតនោះទេ ហើយបើគិតទៅលើដីព្រៃឫស្សី វាចូល៥០%នៃដីទូទៅក្នុងសហគមន៍ហើយ អីចឹងទៅជីវភាពគ្រួសារបងប្អូនយើងក៏ធូរធាដោយសារតែឫស្សីនេះដែរ»។
គួរកត់សម្គាល់ថា សហគមន៍នេះមានភូមិចំណុះចំនួន៤ ដែលគិតជាចំនួនប្រជាជន សរុបប្រមាណជា ៧០០គ្រួសារ។ មុននឹងកកើតជាសហគមន៍ ប្រជាជនតែងលក់ឫស្សីព្រៃបាននៅរាល់រដូវប្រាំង ដោយមានឈ្មួញចុះទៅប្រមូលទិញដល់កន្លែងតែម្ដង ដែលគេឱ្យតម្លៃក្នុងមួយដើមជាង១ពាន់រៀល។
សម្រាប់បច្ចុប្បន្ននេះ ដើម្បីធានានិរន្ដរភាពនៃធនធានធម្មជាតិ គណៈកម្មការសហគមន៍បានបែងចែកជាក្រុមៗសម្រាប់ដកហូតឫស្សីទៅតាមចំនួនឫស្សីដែលបានកំណត់ ព្រមទាំងមានការបង្ហាត់បង្រៀនពីបច្ចេកទេសក្នុងការដកហូតផងដែរ។ សម្រាប់ឫស្សីដែលដកបាន គណៈកម្មការសហគមន៍ជាអ្នកប្រមូលទិញ និងលក់ទៅឱ្យឈ្មួញដែលគេមានតម្រូវការយកទៅកែច្នៃតាមសិប្បកម្មជាដើម។
ទៅថ្ងៃមុខ សហគមន៍ក៏មានបំណងចង់បង្កើតសិប្បកម្មកែច្នៃឫស្សីនៅក្នុងសហគមន៍តែម្ដង ដើម្បីអាចលក់ទៅឱ្យភ្ញៀវទេសចរដែលមានស្រាប់ ក៏ដូចជាជួយបង្កើនការងារប្រជាសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃដីសរុប ៧,៣ លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៨២ ទីតាំង ក្នុងនោះសហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ ខ្លះទៀតក៏កំពុងអាស្រ័យផលពីធនធានធម្មជាតិវិលជុំជាដើម៕