ក្រសួងកសិកម្មគ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនសមាជិកទាំង ៦៥គ្រួសារ នៃសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» ជំនួសឱ្យការប្រើប្រាស់ម៉ាសុីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ នេះ បើតាមលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឃឹម ហ្វីណង បន្តថា ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។
លោកបន្ថែមថា តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ។
លោកសង្កត់ធ្ងន់ទៀតថា ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប៕