ក្រុមហ៊ុន FUCH ទម្លាក់លុយ ៧០ម៉ឺនដុល្លារ ចុះ «កិច្ចសន្យាទិញលក់ម្រេចខ្មៅ» ពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមហ៊ុន FUCHS Cambodia បានចុះហត្ថលេខាជាផ្លូវការលើ «កិច្ចសន្យាទិញលក់ម្រេចខ្មៅ» ក្នុងទំហំ ៧០ម៉ឺនដុល្លារ មួយទៀត ពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ។ នេះ បើតាមលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។
លោកថ្លែងថា៖ «សហគមន៍កសិកម្មទំនើបរបស់យើងនឹងផ្គត់ផ្គង់ម្រេចខ្មៅចំនួន ១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ/គីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព ដែលជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ ១០%»។
ជាមួយគ្នានេះ លោក បាន ចូលរួមអរអរសាទរពុកម៉ែបងប្អូនសហគមន៍ផងដែរ។
សហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ ២០២៤ ជាមួយនឹងការសន្សំសំចៃដំបូងប្រហែល ២០% ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើមដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន។
សហគមន៍នេះមានសមាជិកចំនួន ២៨២នាក់ និងមានផ្ទៃដីផលិតកម្មចំនួន ២៦៨ហិកតា ដែលមានសមត្ថភាពផលិតបានទិន្នផលម្រេចជាមធ្យមចំនួន ៦០០តោនក្នុង១ឆ្នាំ៕