ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងចេញការពារខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនលើកដំបូង ចុងខែនេះ
អ្នកលេងគុនខ្មែរក្របីព្រៃ ពេជ្រ សម្បត្តិ នឹងចេញដំណើរការពារខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនជាលើកដំបូង ដោយអ្នកដែលចូលខ្លួនមកដណ្តើមនោះគឺនាគមាស ឃឹម បូរ៉ា ខណៈការប្រកួតនឹងធ្វើឡើងនៅទឹកដីនៃខេត្តស្វាយរៀង ថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់ផលិតករប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ជុំវិញការប្រកួតនេះ លោក នៅ លីដា ផលិតករប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានប្រាប់មកកាន់ ENN News ថា ៖«ពេជ្រ សម្បត្តិ នឹងចេញការពារខ្សែក្រវាត់ ប្រភេទទម្ងន់ ៦០គីឡូក្រាមរបស់ខ្លួនដំបូងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។ ចំពោះបេក្ខភាពឡើងមកដណ្ដើមខ្សែក្រវ៉ាត់នេះ គឺកីឡាករ ឃឹម បូរ៉ា។ ចំណែកតម្លៃខ្សែក្រវាត់ដែល សម្បត្តិ ទទួលបានកាលណោះ មានតម្លៃ ១៦៨៩ដុល្លារអាមេរិក តែលើកនេះនឹងមានតម្លៃខ្ពស់ជាងមុន»។
គួររម្លឹកថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អ្នកប្រដាល់ដែលមានរហ័សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់ «គ្រុឌគុនខ្មែរ» ប្រភេទទម្ងន់ ៦០គីឡូក្រាម ក្រោយយកឈ្នះសិស្សច្បង ធន់ អៀងឡៃ ដោយពិន្ទុបន្ទាប់ពីតស៊ូគ្នាពេញ៥ទឹកក្រោមក្រសែភ្នែកមហាជនរាប់ពាន់នាក់នៅទីរួមខេត្តត្បូងឃ្មុំ៕