ប្រធាន La Liga ៖ Barcelona មិនអាចចុះហត្ថលេខាលើកីឡាករថ្មីឡើយនៅរដូវក្តៅនេះ
ប្រធានលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas បានទទូចថា ក្លិបអ្នកមានបុណ្យ FC Barcelona នឹងមិនអាចចុះហត្ថលេខាលើកីឡាករណាម្នាក់បានឡើយនៅរដូវក្តៅនេះ បន្ទាប់ពីខកខានមិនបានកែសម្រួលហិរញ្ញវត្ថុរបស់ពួកគេ។
យោងតាមលោក Tebas បានឱ្យដឹងថាក្លិបយក្សអេស្ប៉ាញមួយនេះ បានបរាជ័យក្នុងការអនុលោមតាមច្បាប់ហិរញ្ញវត្ថុ La Liga បើទោះបីជាព្យាយាមប្រើគន្លឹះ សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងរយៈពេលខ្លីក៏ដោយ។
កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរបស់ក្លឹបកាលពីរដូវក្តៅមុន ដូចជាការលក់សិទ្ធិទូរទស្សន៍នាពេលអនាគត មានចំនួនត្រឹម ៥% នៃចំណូលប្រចាំឆ្នាំរបស់ពួកគេ ដែល La Liga ចាត់ទុកថាខ្ពស់ពេក និងប្រាស់ចាកពីច្បាប់លីគ។
ថ្លែងក្នុងសន្និសីទនៅទីក្រុងឡុងដ៍ លោក Javier Tebas បានអះអាងថា ” Barcelona នឹងមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាណាមួយឡើយក្នុងរដូវក្តៅនេះទេ ហើយយើងមិនអនុញ្ញាតឱ្យ Barcelona ចុះហត្ថលេខាលើកីឡាករក្នុងរដូវរងានេះទេ ហើយនៅរដូវក្តៅក្រោយពួកគេនឹងមិនអាចចុះហត្ថលេខាជាមួយកីឡាករល្បីៗនោះទេ”។
លោកបានគូសបញ្ជាក់ថា ៖ ” ពួកគេបានលក់សិទ្ធិទូរទស្សន៍ចំនួន ៧០០ លានអឺរ៉ូ ហើយបានព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីដោះស្រាយស្ថានការណ៍ ប៉ុន្តែពួកគេនឹងមិនអាចធ្វើវាបានទេនៅរដូវកាលក្រោយ”។
គួររំលឹកថា ក្លិបយក្សអេស្ប៉ាញមួយនេះ បានចំណាយលើសពី ១៥០លានអឺរ៉ូ កាលពីរដូវក្តៅមុនលើការចុះហត្ថលេខាលើកីឡាករ Robert Lewandowski, Raphinha និង Jules Kounde ខណៈដែល Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso ចូលរួមដោយគ្មានតម្លៃខ្លួនផ្ទេរ៕