សោកស្ដាយផង! អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នុប តុលា បានទទួលមរណភាព
នៅមុននេះបន្តិច! លោក ស៊ុំ វណ្ណា គ្រូបង្វឹករបស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡាករ ណុប តុលា ដែលសព្វថ្ងៃលេងឱ្យក្លិបក្រសួងមហាផ្ទៃ ដែលបានបាត់ខ្លួននៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ពេលនេះ បានស្លាប់បាត់បង់ជីវិតហើយ ក្នុងវ័យ ២៩ឆ្នាំ។
Sum Vanna-ស៊ុំ វណ្ណា បានបង្ហោះលើបណ្ដាញសង្គម Facebook របស់លោកថា៖« តាំងនាមឲ្យក្រុមការងារគ្រូ និងកីឡាករទាំងអស់របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បងសូមអរគុណស្នារដៃ លោក នុប តុលា ចំពោះសមាគម ពួកយើងនិងចងចាំប្អូន រហូត ហើយសូមកុសល្យផលបុណ្យដែលបងបានធ្វើសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូន ជាយានឲ្យប្អូនទៅកាន់ស្គតិភព»។
ជាមួយគ្នានេះ ក្រុមហ៊ុនលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ ក៏បានបញ្ជាក់ពីការស្លាប់របស់ នុប តុលា ផងដែរ និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់កីឡាករ នុប តុលា និងក្លឹបបាល់ទាត់ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ នេះជាការបាត់បង់ធនធានកីឡាករ និងជាដំណឹងដ៏សោកសៅ ក្រៀមក្រំបំផុត សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ។ បើតាមព័ត៍មានដែលទទួលបាន សពត្រូវបានរកឃើញនៅកោះអន្លង់ចិន។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ណុប តុលា អតីតកីឡាករ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖«ខ្ញុំសោកសា្តយអ្វីដែលខ្ញុំធ្វើខ្ញុំកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេរ្តិ៍ឈ្មោះខ្លួលឯង និងគ្រួសារ ពេល[នេះ]ខ្ញុំលាអ្នកទាំងអស់គ្នាហើយRip សុំទោសប្រពន្ធសម្លាញ់ និងកូន ប៉ាម៉ាក់»។
ក្រោយមានការបង្ហោះនេះ ក្រុមគ្រួសាររបស់ តុលា បានចេញស្វែងរករូបគេ រហូតប្រទះឃើញ ម៉ូតូ ស្បែកជើង និងទូរសព្ទ នៅម្តុំស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ណុប តុលា ប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងក្នុងក្លិបព្រះខ័នរាជស្វាយរៀងពីឆ្នាំ ២០១៣ ដល់២០២០។ បន្ទាប់មកលេងនៅ ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ និងក្រសួងមហាផ្ទៃ ។
ខ្សែប្រយុទ្ធ វ័យ២៨ឆ្នាំរូបនេះ ជាប់ជម្រើសជាតិឈុតធំពីឆ្នាំ ២០១៤ ដល់ ២០១៧ ដោយបង្ហាញខ្លួនបាន ២៧ប្រកួត បន្ទាប់ពីជាប់ឈុត U16, U19, U22 និង U23 គិតចាប់តាំងពីឆ្នាំ ២០១១មក៕