លោក Trump ជំរុញឱ្យលោក Putin កុំបង្កើនសង្គ្រាមនៅអ៊ុយក្រែន
អាមេរិក៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជជែកជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ហើយបានជំរុញឱ្យលោក Putin កុំធ្វើឱ្យសង្គ្រាមកាន់តែកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Trump បានហៅទូរស័ព្ទពីលំនៅដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់លោក លោក Vladimir Putin នៅប៉ុន្មានថ្ងៃ បន្ទាប់ពីទទួលបានជ័យជម្នះលើការបោះឆ្នោតប្រធានាធិបតីពីគូរប្រជែងរបស់លោក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ។
លោក Steven Cheung នាយកទំនាក់ទំនងរបស់លោក Trump បានបដិសេធធ្វើអត្ថាធិប្បាយ ដោយប្រាប់ AFP នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Trump និងមេដឹកនាំពិភពលោកផ្សេងទៀតទេ» ។
កាសែត Washington Post ដកស្រង់សម្តីមនុស្សមួយចំនួនបានរាយការណ៍ថា លោក Trump បានរំលឹកលោកពូទីនអំពីវត្តមានយោធាដ៏ធំរបស់អាមេរិកនៅក្នុងទ្វីបអឺរ៉ុប។ ជាមួយគ្នានោះ លោក Trump និង លោក Putin ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសន្ទនាបន្ថែមទៀតដើម្បីពិភាក្សាអំពី «ដំណោះស្រាយនៅសង្គ្រាមអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ»។
ការជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិឡើងវិញរបស់ លោក Trump ត្រូវបានគេរំពឹងថា មានឥទ្ធិពលយ៉ាងខ្លាំងចំពោះសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលមានរយៈពេលជិត ៣ ឆ្នាំមកនេះ ខណៈដែលលោក Trump តែងតែទទូចឱ្យបញ្ចប់សង្គ្រាមឱ្យបានឆាប់ និងមានការសង្ស័យលើការគាំទ្ររាប់ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុង Kyiv ។
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយជាមួយលោក Trump កាលពីថ្ងៃពុធ ដោយមានការចូលរួមពី មហាសេដ្ឋីពិភពលោក គឺ លោក Elon Musk ក៏បាន អំពាវនាវឱ្យមានការបញ្ចប់សង្គ្រាមផងដែរ៕