Close

ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី ៥០០ហិកតា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី ៥០០ហិកតា ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី ៥០០ហិកតា

កំពង់ស្ពឺ៖ ក្រុមហ៊ុន Golden Intergrity International Investment Group ប្រកាសបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ពិធិពីបើកការដ្ឋាសាងសង់បានប្រារព្វធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

នាឱកាសនោះ លោក ហេង សួរ បានថ្លែងថា គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។

ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី៥០០ហិកតា

លោកបន្តថា ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។

លោករដ្ឋមន្ត្រីរូបនេះ មើលឃើញថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោក រដ្ឋមន្ត្រី សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទៀត។

ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី៥០០ហិកតា

សូមជម្រាបថា នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះដែរ លោក ហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងគុណភាពនៃការអប់រំ និងបង្កើនសមត្ថភាពរបស់បុគ្គលិកនៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខាកាមរបស់វិទ្យាស្ថាន៕

ខេត្តកំពង់ស្ពឺស្វាគមន៍គម្រោងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងលើផ្ទៃដី៥០០ហិកតា