Close

កម្ពុជារកបានដៃគូដ៏ធំក្នុងការទាក់ទាញទេសចរឡាវ និងចិន ដោយយកតំបន់សមុទ្រជាគោលដៅ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ សង្គម
កម្ពុជារកបានដៃគូដ៏ធំក្នុងការទាក់ទាញទេសចរឡាវ និងចិន ដោយយកតំបន់សមុទ្រជាគោលដៅ កម្ពុជារកបានដៃគូដ៏ធំក្នុងការទាក់ទាញទេសចរឡាវ និងចិន ដោយយកតំបន់សមុទ្រជាគោលដៅ

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយនៅប្រទេសឡាវបានប្ដេជ្ញាចំពោះភាគីកម្ពុជាថានឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ជាពិសេសនៅតំបន់សមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

ការប្ដេជ្ញាចិត្តនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្នុងជំនួបរវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd និងស្ថានតំណាង ក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ដើម្បីពិភាក្សាពីកាជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឡាវ ទេសចរចិនមកទស្សនាកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់ឡាវមួយនេះ គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានរំឭកពីជំនួបរវាងនាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍ ដែលអាចទាក់ទាញទេសចរឡាវ និងទេសចរចិនដែលមកតាមរថភ្លើងពីប្រទេសចិន។

តាមរយៈការរំឭកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ និងសហការជាមួយផ្នែកឯកជនដើម្បរៀបចំលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទេសចរឡាវ និងទេសចរចិនមកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើឲ្យលោក វ៉ី ឈានជាំង ជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ ជាការឆ្លើយតប លោកប្រធាន វ៉ី ក៏បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways ពង្រីកមានការហោះហើរត្រង់មកកម្ពុជាបន្ថែម។

លោក វ៉ី ឈានជាំង ក៏បានសន្យាថានឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ។ លោកបានជម្រាបដែរថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់លោកគ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរឡាវ និងទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំប្រតិភូ និងក្រុមហ៊ុនឯកជនចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តី ថ្នាក់អគ្គនាយ និងផ្នែកឯកជននៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហការផ្សព្វផ្សាយ និងជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង