ក្ដៅៗ! ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ កម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម នឹងចូលរួមប្រកួតពាន Merlion Cup 2023 ក្នុងប្រទេសសឹង្ហបុរី ចុងខែនេះ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំកម្ពុជា ដែលកំពុងហ្វឹកហាត់នៅកោះសាម៉ុយ ប្រទេសថៃ ដើម្បីត្រៀមលេងស៊ីហ្គេម ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវបានសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) អញ្ជើញចូលរួមប្រកួតប្រជែងពានរង្វាន់ Merlion Cup 2023 ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ២៤-២៦ ខែមីនា។ នេះបើយោងតាមសមាគមកីឡាបាល់ទាត់សិង្ហបុរី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានប្រកាសថា ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំសិង្ហបុរី នឹងចូលរួមក្នុងការប្រកួតជាមួយក្រុមចំនួន៣ផ្សេងទៀតនៅកីឡដ្ឋាន Jalan Besar ដែលមានសមភាគីមកពីកម្ពុជា ហុងកុង និងម៉ាឡេស៊ី។
បើតាមការបញ្ជាក់របស់ FAS ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមីនា ដើម្បីរកក្រុមដែលឈ្នះប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែមីនា ហើយក្រុមដែលចាញ់ នឹងប្រកួតយកលេខ៣។ ការចាប់ឆ្នោត ដើម្បីកំណត់ការប្រកួត នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៦ សប្ដាហ៍ក្រោយនេះ។
គួររំលឹកថា ក្នុងខែមិថុនា ឆ្នាំ ២០១៩ ក្រុម U-22 សិង្ហបុរី ដែលដឹកនាំដោយគ្រូបង្វឹក Fandi Ahmad បានលើកពាន Merlion Cup ២០១៩ ដោយកាលនោះ មានក្រុមជម្រើសជាតិថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ក្រុម Young Lions បានយកឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕