ព្រះខ័នរាជស្វាយរៀង ប៉ះ Madura United ក្នុងជំនួបទី២ នៅ AFC Challenge League ថ្ងៃស្អែក
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ត្រូវប្រកួតជាមួយក្រុម Madura United របស់ឥណ្ឌូណេស៊ី វេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ដើម្បីយកលេខ១ ក្នុងពូល E សម្រាប់ការប្រកួតចុងក្រោយ ក្នុងពានរង្វាន់ AFC Challenge League រដូវកាល២០២៤-២៥។
ដោយសារក្នុងពូលមានតែ ៣ក្រុម ហើយ ២ក្រុមត្រូវបានកៅអីឡើងជុំបន្តនោះ ដូច្នេះ 𝗦𝗣 𝗙𝗮𝗹𝗰𝗼𝗻𝘀 ដែលរកបានតែ ១ពិន្ទុពីការប្រកួត ២លើក បានរុញឱ្យ ព្រះខ័នរាជស្វាយរៀង ដែលមានដល់ទៅ ៣ពិន្ទុ ហើយសល់ ១ប្រកួតក្នុងដៃ កក់កៅអីយ៉ាងកក់ក្ដៅដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយរួចរាល់ហើយ។
ក្នុងលក្ខខណ្ឌស្មើ ដើម្បីរកបាន១ពិន្ទុ ឬទទួលបានជ័យជម្នះដើម្បីរកបាន៣ពិន្ទុបន្ថែម នៅពេលប្រកួតជាមួយ Madura United ព្រះខ័នរាជស្វាយរៀង នឹងឈរលើកំពូលតារាង ប៉ុន្តែប្រសិនបើចាញ់ ក្លិបតំណាងកម្ពុជាមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ២។ចំណែកឯក្រុម Madura United នឹងធ្លាក់ ប្រសិនបើចាញ់ព្រះខ័នរាជស្វាយរៀងចាប់ពី២គ្រាប់ឡើង ប៉ុន្តែប្រសិនបើបញ្ចប់ដោយលទ្ធផលស្មើគ្នា ឬក្លិបឥណ្ឌូណេស៊ីឈ្នះ គឺក្រុម Falcons នឹងហាលអាវត្រឹមវគ្គនេះ។ ដូច្នេះការប្រកួតនេះ សម្ពាធខ្លាំងគឺលើក្រុម Madura United បើប្រហែលច្បាស់ជាវិចបង្វិចទៅផ្ទះវិញជាក់ជាមិនខាន។
បើតាមគ្រូបង្វឹកលោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 បានលើកឡើងថា ខ្សែប្រយុទ្ធ 𝗣𝗮𝗯𝗹𝗼 មានបញ្ហារបួសជង្គង់ដែលត្រូវពិនិត្យមើលពីស្ថានភាព។ ជាមួយគ្នានេះ ខ្សែបម្រើកណ្តាលសញ្ជាតិជប៉ុន 𝗥𝘆𝗼 បានប៉ះទង្គិចក្បាលយ៉ាងខ្លាំងជាមួយកីឡាកររបស់ Falcons ក៏ត្រូវតាមដានដែរ ហើយប្រធានក្រុម សឿយ វិសាល ក៏មានបញ្ហាជើងដោយសារកីឡាកររបស់ Falcons ពានទាត់ត្រូវជើងរហូតត្រូវបានពិន័យកាតក្រហម។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ ២០ម៉ឺនដុលា្លររួចមកហើយគិតមកទល់ពេលនេះ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ដូច្នេះប្រសិនបើពួកគេបន្តឈ្នះ នៅប្រកួតស្អែកនេះ នឹងទទួលបាន ២ម៉ឺនដុល្លារបន្ថែមទៀត។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ៕