ច្បាស់ការហើយ! ស៊ីហ្គេម នៅថៃ មាន ៥០ប្រភេទកីឡា ខណៈកម្ពុជាត្រៀមប្រជែង ៣៨ ទៅ ៣៩ប្រភេទកីឡា
យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍មុន មានការសម្រេចជ្រើសរើស ៥០ប្រភេទកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ដែលមានថៃជាម្ចាស់ផ្ទះ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមថា ៥០ប្រភេទកីឡានោះ ត្រូវបានបែងចែកចេញជា ៥៦៩វិញ្ញាសា ហើយក្នុងចំណោម ៥០ប្រភេទកីឡានោះ មាន ៣ប្រភេទកីឡា ជាលក្ខណៈបង្ហាញ ឬ Demonstration។ ទន្ទឹមនឹងនេះ កម្ពុជាមាន ៣៨ ទៅ ៣៩ប្រភេទកីឡា ដែលត្រូវត្រៀមលក្ខណៈសម្បត្តិចូលរួម។
ក្នុងចំណោមប្រភេទកីឡាដែលកម្ពុជានឹងចូលរួមនោះ ក៏មានប្រភេទកីឡាសក្ដានុពល ដូចជា ជឺជីតស៊ូ, ទ្រីអាត្លុង, ប៉េតង់, Jetski, តេក្វាន់ដូ, ការ៉ាតេ និងចំបាប់ លើកលែងតែកីឡាវ៉ូវីណាម។
បើតាមបទបញ្ជាស៊ីហ្គេម ម្ចាស់ផ្ទះជាអ្នកកំណត់វិញ្ញាសា តែប្រភេទកីឡាត្រូវមានការឯកភាពពីប្រទេសជាសមាជិក។ ប៉ុន្តែម្ចាស់ផ្ទះថៃដំបូងឡើយបានកាត់វិញ្ញាសាមួយចំនួនចេញ តែក្រោយមានការតវ៉ា ម្ចាស់ផ្ទះមួយនេះក៏សម្រេចដាក់វិញ។ ជាក់ស្ដែង កម្ពុជាតវ៉ាបានសម្រេច សម្រាប់ការដាក់វិញ្ញាសាឯកត្តជនក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឬ ស៊ីហ្គេម ២០២៥ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕