ADB អនុម័តប្រាក់កម្ចី ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១»
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជា ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
សេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរ ទៅរកសកម្មភាពសេដ្ឋកិច្ច ដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាព ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ»។
លោកស្រី បន្ដថា កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។
ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ៣៥.៥% នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ ក្មេងប្រុសដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។
គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះ នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម៕