Close

គិតត្រឹមបំណាច់ខែតុលា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ៦៦,៨៦% ហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គិតត្រឹមបំណាច់ខែតុលា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ៦៦,៨៦% ហើយ គិតត្រឹមបំណាច់ខែតុលា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ៦៦,៨៦% ហើយ

ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៦៦,៨៦% ហើយ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤នេះ។


លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជម្រាបជូនសាធារណជន និងអ្នកដំណើរឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងបានថមថយ ដែលជាឱកាសសម្រាប់ការដ្ឋានស្តារ និងពង្រីកផ្លូវជាតិលេខ៤៨ ។

លោកបន្តថា នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ នឹងលេចចេញវឌ្ឍនភាពគួរជាទីមោទក ដែលមានន័យថា ការធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័ស លើផ្លូវជាតិលេខ៤៨ ។

កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នេះ ដែលគ្រោងចំណាយថវិកាសរុបប្រមាណជាង ៧៨លានដុល្លារអាមេរិក។

គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលានិងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ ២០២៤៕

អត្ថបទទាក់ទង