Close

កម្ពុជា-ចិនរៀបចំពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រយៈ២ ថ្ងៃនៅខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា-ចិនរៀបចំពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រយៈ២ ថ្ងៃនៅខេត្តសៀមរាប កម្ពុជា-ចិនរៀបចំពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រយៈ២ ថ្ងៃនៅខេត្តសៀមរាប

សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំពិធីបើកពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week)រយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ។

ពិធីនេះ រៀបចំធ្វើក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Lu QiZhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោក យុន លីនណេ បានថ្លែងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសប្រទេសចិន ត្រូវបានលើកកម្ពស់មួយកម្រិតដ៏ធំថែមទៀត រហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហ គាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើម BRI ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។

លោកបន្តថា ជាពិសេស នៅខេត្តសៀមរាបយើងនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងកម្ពុជា-ចិន យើងទទួលបានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានដំណើរការកាលពីឆ្នាំ២០២៣ ដែលជាសមិទ្ធផលមួយកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកបានបន្តថាកម្មវិធី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិអំពីម្ហូបអាហារ និងបច្ចេកទេសចម្អិនដែលអាចឆ្លុះបញ្ចាំងឱ្យឃើញពីអរិយធម៌ និងវប្បធម៌ដ៏ផូរផង់របស់ប្រទេស និងប្រជាជនកម្ពុជា។ តាមរយៈពិព័រណ៍នេះ មិនត្រឹមតែអាចលើកកម្ពស់ប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជនខ្មែរ និងប្រជាជនចិនឱ្យកាន់តែជិតស្និទ្ធទ្វេរឡើង ចូលរួមចំណែកក្នុងការជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ជាពិសេស កំណើនភ្ញៀវទេសចរចិនមកទស្សនាខេត្តសៀមរាបបន្ថែមទៀត។

នាឱកាសថ្លែងបើកពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ លោក ហួត ហាក់ បានលើកឡោះងថា ពិព័រណ៍នេះ បានប្រមូលផ្តុំគំនិត និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ អំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ផ្នែកម្ហូបអាហារ ក្នុងការចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរបស់កម្ពុជា-ចិន ដែលនឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអភិវឌ្ឍម្ហូបអាហារ សំដៅចូលរួមជម្រុញភាពសំបូរបែបនៃម្ហូបអាហារកម្ពុជា-ចិន ដែលបម្រើដល់ទេសចរណ៍ជាតិ-អន្តរជាតិ ជាពិសេសទេសចរចិនដែលមកទស្សនានៅកម្ពុជា ប្រកបដោយភាពពេញចិត្តនិងបទពិសោធន៍ល្អ ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាម្ហូបអាហារ ស្តីពី “សប្តាហ៍ម្ហូបអាហារ កម្ពុជា-ចិន” ក្រោមប្រធានបទ (Good Food for All ) ដែលមានវាគ្មិនល្បីៗនៅកម្ពុជា-ចិនចែករំលែកបទពិសោធន៍ និង ចែករំលែកមុខម្ហូបអាហារកម្ពុជា-ចិនទៅកាន់ពិភពលោក ទេសចរណ៍ម្ហូបអាហារខ្មែរ មានលក្ខណៈជាសិល្បៈនៃការចំអិន ការតុបតែង ជាពិសេសផ្តោតទៅលើរសជាតិនិងភាពច្នៃប្រឌិតរបស់កម្ពុជា-ចិនផងដែរ និងវាគ្មិនដែលជាចុងភៅនៃប្រទេសចិន ដើម្បីផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍លើមុខម្ហូបអាហារកម្ពុជា និងចិន ទៅកាន់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសទីផ្សារចិន។

សូមជម្រាបថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន មានរយៈពេលពីថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ និងមានការរៀបចំស្តង់ចំនួនប្រមាណ៦០ស្តង់៕

អត្ថបទទាក់ទង