Close

ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតដល់ថវិការដ្ឋ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតដល់ថវិការដ្ឋ ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតដល់ថវិការដ្ឋ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ ខណៈក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។

សេចក្តីជូនព័ត៍មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា « អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្ដល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាន នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។

យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្ដីពីនីតិវិធីលក្ខខណ្ឌ នៃការសុំផ្ដល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា “ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់”។

ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតដល់ថវិការដ្ឋ

ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កេត ឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្ដល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបាន ត្រឹមត្រូវគត់មត់។ ជាក់ស្ដែងនាពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ សូមបញ្ជាក់ថា ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុង ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិយើង។