រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាលកំពុងជួយជីវភាពរស់នៅសហគមន៍កាន់តែប្រសើរ
រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) ស្ថិតក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និង តាមបណ្តោយផ្លូវជាតិលេខ៧ មានចម្ងាយ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែងនិងបត់ទៅតាមផ្លូវលំ៧០០ម៉ែត្រ កំពុងផ្តល់នូវប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនសហគមន៍ដែលពឹងអាស្រ័យលើរមណីយដ្ឋាននេះ។
រមណីយដ្ឋានធម្មជាតិអូរឬស្សីកណ្តាល ជារមណីយដ្ឋានបែបធម្មជាតិមួយដែលមានទេសភាពស្រស់ស្អាតជាទីគយគន់សម្រាប់ភ្ញៀវទេសចរ មានជាស្ពានយោល កន្លែងអង្គុយញុំាអាហារ និងខ្យល់អាកាសបរិសុទ្ធ ហើយរមណីយដ្ឋាននេះមានទឹកធ្លាក់ពីលើភ្នំដែលជាទីចាប់អារម្មណ៍បំផុតក្នុងតំបន់នេះ។
រមណីយដ្ឋានទេសចរណ៍«អូរឫស្សីកណ្តាល» គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតក្នុងខេត្តដែលមានលក្ខណៈសក្តានុពលពិសេសខុសពីគេ ។តំបន់នោះកើតឡើងដោយធម្មជាតិបូករួមការកែច្នៃបន្ថែម ។
តំបន់រមណីយដ្ឋាន«អូរឫស្សីកណ្តាល»នេះបានទាក់ទាញយ៉ាងខ្លាំងនូវគ្រា ដែលភ្ញៀវចូលទៅដល់ហាក់ទទួលបានអារម្មណ៍ប្លែកដោយសារជ្រលងដងអូរក្នុងព្រៃពោពេញដោយម្លប់ដើមឈើ ខ្សែទឹកហូរត្រជាក់ថ្លាយង់ដូចកញ្ចក់ ។
ដោយឡែកពាក់ព័ន្ធលើសេវាតម្លៃម្ហូបអាហារនៅទីនោះគេបានបិទតារាងតម្លៃទៅតាមមុខទំនិញនិងម្ហូបដែលភ្ញៀវអាចជ្រើសរើស ហើយបើគាត់គិតថាតម្លៃនោះខ្ពស់គាត់មិនត្រូវការកុម្ម៉ង់ក៏បានហើយ បើគាត់គិតថាសមរម្យគាត់កុម្ម៉ង់ជ្រើសរើសបាន ។
មួយវិញទៀត រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) គឺជាតំបន់ទេសចរណ៍ដែលមានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោម ទីតាំងផ្សេងៗទៀតរបស់ខេត្តស្ទឹងត្រែង ដោយម៉្យាង អ្នកទេសចរអាចធ្វើដំណើរទៅកំសាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតលេង និងស្តាប់សំឡេងសត្វយំ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបំភ្លេចអស់ទុក្ខកង្វល់។
ម៉្យាងទៀត គឺអាចជួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អេកូទេសចរណ៍នោះបានទៀតផង៕