ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរ និងថ្លែងអំណរគុណដល់ សួន ចាន់ណារ៉ូ ដែលបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងវិស័យបាល់ទះកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ដែលបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងវិស័យបាល់ទះកម្ពុជា បន្ទាប់ពីអ្នកលើកបាល់ដ៏ឆ្នើមរូបនេះ សម្រេចចូលនិវត្តន៍ជាផ្លូវការ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី ១៨ ខែតុលានេះថា៖ « សូមអរគុណអ្នកលើកបាល់ដ៏ឆ្នើម សួន ចាន់ណារ៉ូ ដែលបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងវិស័យបាល់ទះកម្ពុជា!»។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បន្ថែមថា៖« នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា បានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទះអាជីព។ ដំណឹងនេះជារឿងសោកសៅរបស់មហាគ្រួសារបាល់ទះកម្ពុជា ប៉ុន្តែនៅក្នុងពិភពកីឡា មិនមានអ្វីស្ថិតស្ថេរជានិរន្តនោះឡើយ តែងតែមានការចាប់ផ្ដើមនិងបញ្ចប់។ បើទោះជា ណារ៉ូ បានចាកចេញពីកីឡាករអាជីពក៏ពិតមែន ប៉ុន្តែស្នាដៃរបស់គាត់ ជាមួយមិត្តរួមជំនាន់បានជួយឱ្យទង់ជាតិកម្ពុជា រះលើឆាកអន្តរជាតិជាច្រើន ទាំងការជួយក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្កាល់នោះ រូបគាត់ជាផ្នែកមួយជួយឱ្យក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ»។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា៖«មិនខុសពីអ្នកគាំទ្របាល់ទះជាតិ និងអន្តរជាតិ ខ្ញុំសង្ឃឹមថា សួន ចាន់ណារ៉ូ នឹងមិនទៅណាឆ្ងាយពីវិស័យបាល់ទះយើងឡើយ គាត់នឹងសិក្សាស្វែងយល់ពីវគ្គសិក្សានានាបន្ថែម ដើម្បីវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ឬថ្នាក់ដឹកនាំក្លិបបាល់ទះណាមួយនៅថ្ងៃខាងមុខ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា កម្មវិធីការចូលនិវត្តន៍របស់កីឡាករ សួន ចាន់ណារ៉ូ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៦:០០ល្ងាច ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ សូមជូនពរ សួន ចាន់ណារ៉ូ បន្តជោគជ័យក្នុងអាជីពថ្មីខាងមុខកុំបីខាន»។
គួររំលឹកថា សួន ចាន់ណារ៉ូ បានប្រឡូកចូលក្នុងវិស័យកីឡាបាល់ទះ កាលពីឆ្នាំ២០១២ ដោយប្រកបអាជីពនៅក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ និងបន្តលេងឱ្យក្លិបបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង ដោយបច្ចុប្បន្នប្តូរឈ្មោះមកជាក្លិបបាល់ទះវិសាខា។ ចាន់ណារ៉ូ ជាប់ជម្រើសជាតិជាកម្ពុជាលើកដំបូង នៅឆ្នាំ២០១៥ និងបានចូលរួមប្រកួតកីឡាស៊ីហ្គេម ៤លើកផងដែរ៕