ម្ចាស់មេដាយមាស កីឡាហែលទឹកក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ ប្រកាសដកខ្លួនចេញពីស៊ីហ្គេម ២០២៣ នៅកម្ពុជា
នៅរសៀល ថ្ងៃពុធ ទី០១ ខែមីនានេះ កីឡាករហែលទឹក Joseph Schooling ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០១៦ បានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នាពេលខាងមុខ ដោយគូសបញ្ជាក់ថា ខ្លួនមិនស្ថិតក្នុងកម្រិតដែលអាចប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះបានទេ។
កីឡាករហែលទឹករូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តដកខ្លួនចេញពីស៊ីហ្គេម លើកទី៣២នេះ។ នេះមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំមិនទាន់ស្ថិតក្នុងកម្រិតដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នេះទេ»។
ម្ចាស់ជើងឯកអូឡាំពិករូបនេះ បានគូសបញ្ជាក់ថា លោកនឹងផ្តោតលើភារកិច្ចបម្រើជាតិជំនួសវិញ ហើយគាំទ្រមិត្តរួមក្រុមរបស់គាត់ពីផ្ទះ។
Joseph Schooling បាននិយាយថា ៖ «ខ្ញុំបានសម្រេចចិត្តផ្តល់កន្លែងរបស់ខ្ញុំ ដល់មិត្តរួមក្រុមដែលបានត្រៀមខ្លួនរួចជាស្រេច និងគាំទ្រពួកគេពីផ្ទះ ហើយផ្តោតលើភារកិច្ចកងទ័ពជើងទឹករបស់ខ្ញុំ»។
គួរបញ្ជាក់ថា Joseph Isaac Schooling គឺជាអ្នកហែលទឹកអាជីពជនជាតិសិង្ហបុរី ដែលមានជំនាញហែលទឹកលើវិញ្ញាសារ មេអំបៅ(butterfly), ហ្វ្រីស្ទីល (freestyle) និងមេឌៀ (medley )។ Joseph គឺជាម្ចាស់មេដាយមាសក្នុងវិញ្ញាសាមេអំបៅ 100 ម៉ែត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០១៦ ដោយបានឈ្នះមេដាយមាសអូឡាំពិកលើកដំបូង មិនធ្លាប់មានរបស់ប្រទេសសិង្ហបុរី។
គួររំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕