ក្រុមហ៊ុន MIRARTH របស់ជប៉ុន បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទី ពី ៣០០តោន ដល់ ១.៥០០តោន ក្នុងមួយឆ្នាំ
ភ្នំពេញ៖ ក្រុមហ៊ុន MIRARTH របស់ប្រទេសជប៉ុន បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទី ពី ៣០០តោន ដល់ ១.៥០០តោន ក្នុងមួយឆ្នាំ និងសិក្សាលទ្ធភាពចម្រាញ់ប្រេងពីសំបកគ្រាប់ស្វាយចន្ទី។ នេះ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤។
បើតាប្រភពដដែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុន MIRARTH ដើម្បីពិភាក្សាអំពីការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននៅកម្ពុជា។
នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ ១.៥០០តោន ក្នុងមួយឆ្នាំ។ នេះបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ពីការកែច្នៃត្រឹមតែ៣០០តោនប៉ុណ្ណោះ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០២១។
ក្រុមហ៊ុន MIRARTH ក៏បានរាយការណ៍ថា ខ្លួនកំពុងសិក្សាអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងប្រើរយ:ពេល២ឆ្នាំ។ ក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។
តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន MIRARTH និងបានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។