Close

គណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា បដិសេធការកំណត់ថ្លៃខ្ពស់ក្នុងការទិញសិទ្ធិផ្សាយបន្តផ្ទាល់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ សង្គម
គណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា បដិសេធការកំណត់ថ្លៃខ្ពស់ក្នុងការទិញសិទ្ធិផ្សាយបន្តផ្ទាល់ គណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា បដិសេធការកំណត់ថ្លៃខ្ពស់ក្នុងការទិញសិទ្ធិផ្សាយបន្តផ្ទាល់

ភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន កាលពីម្សិលមិញបានច្រានចោលព័ត៌មានថៃ ដែលអះអាងថា កម្ពុជាទាមទារថ្លៃហួសហេតុជាថ្នូរនឹងសិទ្ធិផ្សាយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

នៅក្នុងការបោះពុម្ភផ្សាយកាលពីថ្ងៃសៅរ៍ Thai PBS World ដែលជាប្រព័ន្ធផ្សព្វផ្សាយធំរបស់ប្រទេសថៃបានរាយការណ៍ថា ប្រទេសកម្ពុជាកំពុងស្នើកំណត់តម្លៃប្រាក់ចំនួន ៨00,000 ដុល្លារអាមេរិក ឬប្រហែល 28 លានបាត សម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងខែឧសភា។

ដោយដកស្រង់ “ប្រភពដែលបានជូនដំណឹងនៅអាជ្ញាធរកីឡានៃប្រទេសថៃ (SAT)” របាយការណ៍ថា គ្មានប្រទេសណាមួយដែលសុខចិត្តបង់ថ្លៃនោះទេ រួមទាំងប្រទេសថៃផងដែរ។ SAT ប្រហែលជាត្រូវស្វែងរកជំនួយពីលោក Prawit Wongsuwan ក្នុងតួនាទីជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយថវិកាប្រហែលជាត្រូវបានមកពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គណៈកម្មការទូរគមនាគមន៍ និងទូរទស្សន៍ជាតិ ពីព្រោះ Sea Games គឺជាព្រឹត្តិការណ៍កីឡាមួយក្នុងចំណោមព្រឹត្តិការណ៍កីឡាទាំង៧ ដែលត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកីឡាដែលត្រូវតែមាន។

ប្រភពបានប្រាប់ Thai PBS World ថា ចាប់តាំងពីគណៈកម្មាធិការ Sea Games បានអនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះសុំថ្លៃសិទ្ធិផ្សាយមក ប្រទេសដែលចូលរួមរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ទាមទារលើសពី ១0,000 ដុល្លារនោះទេ។ ជាក់ស្ដែង ស៊ីហ្គេម នៅវៀតណាម គិតតែ ១ម៉ឺនដុល្លារអាមេរិក និងហ្វីលីពីន គិតត្រឹមតែ ៥,០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានប្រានចោល ដោយលោកមានប្រសាសន៍ថា កម្ពុជា មិនដែលទាមទារតម្លៃថេរសម្រាប់សិទ្ធិផ្សាយនោះទេ។ តម្លៃដែលបានដកស្រង់ដោយ Thai PBS World គឺមិនត្រឹមត្រូវទេ ដោយសារតែការចរចានៅតែបន្តរវាងភ្នាក់ងាររបស់ CAMSOC និងអាជ្ញាធរថៃ។

លោកបានបន្តថា ៖ «យើង (CAMSOC) មិនពាក់ព័ន្ធនឹងការចរចាថ្លៃសេវាទេ ដោយយើងទុកវាឲ្យភ្នាក់ងាររបស់យើង។ ថ្លៃសេវាចុងក្រោយនឹងជាការព្រមព្រៀងដោយភាគីទាំងពីរ ហើយកម្ពុជា នឹងមិនមានការសម្រេចចិត្តណាមួយលើវាទេ។ យើងមិនបង្ខំនរណាម្នាក់ឱ្យបង់ប្រាក់សម្រាប់សិទ្ធិនោះទេ»។

លោក វ៉ាត់ ចំរើន ពន្យល់ថា ៖ « តម្លៃនៃការផ្សាយគឺត្រូវសម្រេចដោយការពិចារណាលើទីផ្សារ និងទំហំនៃទស្សនិកជនម្នាក់ៗ ដូច្នេះហើយ វាខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ រាល់របាយការណ៍ដែលអះអាងថា គ្មានប្រទេសចូលរួម គឺសុខចិត្តបង់ថ្លៃចាក់ផ្សាយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏មិនពិតដែរ។ រហូតមកដល់ពេលនេះ ប្រទេសស្ទើរតែទាំងអស់បានទទួលសិទ្ធិចាក់ផ្សាយស៊ីហ្គេមពីប្រទេសកម្ពុជា រួមមាន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ី»។

ជាចុងក្រោយ លោកបានបញ្ជាក់ថា គ្រប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់នៃប្រទេសកម្ពុជា នឹងទទួលបានការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ការប្រកួត និងព្រឹត្តិការណ៍នានា ដោយមិនចាំបាច់បង់ថ្លៃអ្វីឡើយ នៅពេលដែលវាប្រព្រឹត្តទៅក្នុងខែឧសភា៕

អត្ថបទទាក់ទង