ក្រុមហ៊ុនកូរ៉េ Camko Motor និង Camko Infracore មានបំណងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
កូរ៉េ៖ លោក Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ពីព្រោះ រថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។
លោក Kim Jin-pyo បានលើកឡើងបែបនេះ ក្នុងពេលទទួលទានអាហារថ្ងៃត្រង់ការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល និងបានណែនាំឱ្យសម្ដេចតេជោស្គាល់ លោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore និង លោក Charles Lee ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ (Korea Polytechnics University) នៃសាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ អតីតប្រធានសភារូបនេះ បានបង្ហាញលោកអគ្គនាយកក្រុមហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល Korea Polytechnic University ទាំងពីររូប ដោយសារ លោកមានបំណងពង្រឹងនិងពង្រីកថែមទៀតនៅផ្នែកសេដ្ឋកិច្ចនិងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាទំនើប អាចធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ឬក៏នៅកម្ពុជា។
លោក ចង់ឱ្យពលករកម្ពុជា ទទួលការហ្វឹកហ្វឺនបច្ចេកវិទ្យា បច្ចេកទេស ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មដំឡើងរថយន្តប្រើអគ្គិសនីនៅកម្ពុជាសម្រាប់ការនាំចេញ។
ជាមួយគ្នានេះដែរលោក ចង់ឱ្យមានការហ្វឹកហ្វឺនធនធានមនុស្សរបស់កម្ពុជា ដែលអាចបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីទទួលបានបទពិសោធ ហើយ ក្រោយពេលវិលត្រឡប់ទៅកម្ពុជាវិញ ពួកគេអាចយកនូវបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកនៅក្នុងផ្នែកដំឡើងរថយន្តអគ្គិសនី និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។
លោកបញ្ជាក់ទៀតថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថាពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និង មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។ សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោក ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។
សម្ដេចតេជោ និងប្រធានក្រុមហ៊ុន Camko Motor ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ដែលមានសាខា៤២ នៅទូទាំងប្រទេសកូរ៉េ បានស្នើនូវជម្រើសបណ្ដុះបណ្ដាលគ្រូជំនាញនៅប្រទេសកូរ៉េ ហើយពេលត្រឡប់មកកម្ពុជាវិញ គ្រូជំនាញទាំងនោះ អាចបង្រៀនពលករនៅកម្ពុជាតែម្ដង។
សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសពេលសម្តេចធិបតីបំពេញទស្សនកិច្ចហើយក៏បានទទួលការយល់ព្រមឯកភាពពី សម្ដេចធិបតី ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ក្រុមហ៊ុនCamko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត។ លោកប្រធានក្រុមហ៊ុន Camko Motor បានសន្យាជាមួយសម្ដេចតេជោថា លោកនឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះដែរ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ មានគម្រោងនឹងបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមួយនៅកម្ពុជា ដើម្បីហ្វឹកហ្វឺនពលករជំនាញនៅកម្ពុជា។ សាកលវិទ្យាល័យរបស់លោក បានរួមចំណែកជាប្រវត្តិសាស្រ្ត ដល់ការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ននេះ សាធារណរដ្ឋកូរ៉េ ក៏មានសមត្ថភាពខ្ពស់ក្នុងការដំឡើងរថយន្តដែលមានបច្ចេកទេសខ្ពស់និងក៏មានធនធានមនុស្សល្អៗ៕