ប្រធានក្រុមអូស្រ្តាលី ចាត់ទុកឥណ្ឌូណេស៊ីជាក្រុមដ៏គ្រោះថ្នាក់មួយនៅវគ្គជម្រុះ World Cup ជុំទី៣
ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី និងជាអ្នកចាំទីក្រុម AS Roma កីឡាករ Maty Ryan បានក្រឿនរំលឹកដល់មិត្តរួមក្រុមកុំឱ្យធ្វេសប្រហែសឲ្យសោះ ចំពោះសមត្ថភាពក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតជម្រុះ FIFA World Cup 2016 តំបន់អាស៊ី។
ឥណ្ឌូណេស៊ី ជាក្រុមតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែលឈានដល់ជុំទី៣ នេះ ខណៈដែលក្រុមមកពីតំបន់អាស៊ានដទៃទៀត ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន រួមទាំងកម្ពុជា សុទ្ធតែហាលអាវត្រឹមជុំទី២។ កាលពីសប្ដាហ៍មុន ឥណ្ឌូណេស៊ី បានប្រកួតស្មើជាមួយក្រុមខ្លាំងកម្រិតទ្វីបអាស៊ី និងជាគីឡូ World Cup អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតជម្រុះជុំទី៣ World Cup 2026 តំបន់អាស៊ី ក្នុងពូល C។
ចំណែកអូស្ត្រាលី បែជាភ្លាត់ស្នៀតចាញ់ ក្រោមថ្វីជើង ក្រុមជម្រើសជាតិបារែន ក្នុងលទ្ធផល ១-០ ដោយសារការធ្វេសប្រហែលធ្វើឱ្យគ្រាប់បាល់ចូលទីខ្លួនឯង ពីសំណាក់កីឡាករ Harry Soutter ដែលធ្វើឱ្យក្រុមរបស់លោក Graham Arnold ឈរនៅលេខ៥ ក្នុងពូល C ។
នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែកញ្ញា នេះ អូស្ត្រាលី នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមជម្រើសជាតិឥណ្ឌូណេស៊ី សម្រាប់ជំនួបទី២ នៅកីឡដ្ឋាន Bung Karno Arena ។
ថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួត ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី Maty Ryan បានលើកឡើងថា៖«យើងដឹងថាពួកគេនឹងបង្ហាញគុណភាពដែលអាចធ្វើឱ្យយើងជួបផលលំបាក ប្រសិនបើការប្រកួតនោះយើងធ្វើមិនបានល្អ ហើយប្រសិនបើយើងមិនចាប់យកឱកាសចេញពីពួកគេនោះទេ នៅពេលពួកគេដឹងពីរបៀបដែលអាចប្រជែងទល់យើងនោះទេ។ យើងត្រូវបានផ្តោតអារម្មណ៍លើខ្លួនឯង នៅអ្វីដែលយើងចង់ធ្វើក្នុងការប្រកួតនោះ ហើយយើងមានទំនុកចិត្តក្នុងនាមជាក្រុមមួយ ដើម្បីអាចបន្តទៅមុខទៀតចេញពីការប្រកួតជម្រុះមួយនេះ»។
មែនទែនទៅ កំណត់ត្រាការប្រកួតពីមុនទល់នឹងអូស្តា្រលី ក្រុមឥណ្ឌូណេស៊ី នៅមិនទាន់ធ្វើបានល្អនោះទេ ប៉ុន្តែលទ្ធផល ស្មើជាមួយអារ៉ាប៊ីសាអូឌីត អាចសបញ្ជាក់ឲ្យឃើញថា ពេលនេះ ឥណ្ឌូនេស៊ី មិនដូចមុនទៀតនោះទេ ពោលគឺពួកគេគឺជាក្រុមដ៏គ្រោះថ្នាក់មួយ ដែលអាចប្រកួតប្រជែងជាមួយនឹងអូស្ត្រាលីបាន។
គួរបញ្ជាក់ថា ក្នុងការប្រកួតជម្រុះជុំទី៣ World Cup 2026 តំបន់អាស៊ីនេះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល C ជាមួយ ជើងខ្លាំងជប៉ុន បារែន អារ៉ាប៊ីសាអូឌីត អូស្ត្រាលី និង ចិន៕