គណៈប្រតិភូក្រុង Zhengzhou របស់ប្រទេសចិនពេញចិត្តអង្ករកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិនបានបង្ហាញចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
ការបង្ហាញចំណាប់អារម្មណ៍របស់គណៈប្រតិភូខាងលើនេះ ធ្វើឡើងក្នុងគ្រាដែលចូលជួបពិភាក្សាការងារជាមួយ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ។
នាឱកាសនោះ លោក បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយក្នុងការទទួលគណៈប្រតិភូចិន និងពិនិត្យលទ្ធភាពនូវអ្វីដែលអាចធ្វើបានជាមួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន។ ជាពិសេស កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរ ជាកិច្ចសហប្រតិបត្តិការគំរូដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជួុយអោយវិស័យកសិកម្មមានភាពល្អប្រសើរឡើង តាមរយៈច្រករបៀងមច្ឆា និងអង្ករ។
ជាមួយគ្នានោះដែរ លោក ប្រាក់ ដាវីដ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការអភិវឌ្ឍខេត្តហឺណាន ប្រទេសចិន ដែលពោរពេញទៅដោយបច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម ព្រមទាំងធនធានហរិញ្ញវត្ថុ ដែលនេះជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ឱ្យមានភាពល្អប្រសើរ។
លើសពីនេះ លោក រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្តានុពលមួយចំនួនទៀតដូចជា ស្វាយ ស្វាយចន្ទី មៀន និងម៉្សៅមីជាដើម ដែលកម្ពុជាមានភាពរឹងមាំនូវផ្នែកដាំដុះ ដែលត្រូវការការវិនិយោគ លើការកែច្នៃ វេចខ្ចប់ និងភស្តុភារកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ជំរុញខ្សែច្រវ៉ាក់តម្លៃឱ្យបានខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះដែរ លោក រដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម គឺសហគមន៍កសិកម្មទំនើប ដែលភាគីចិនអាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រ ដែលសហគមន៍ទំនើបនេះអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់។
សូមជម្រាបជូនថា ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មដំណាំស្រូវ តាមរយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវ៕