កម្ពុជានឹងរៀបចំ «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» នៅថ្ងៃទី១០ ខែកញ្ញា
ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំ «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ »នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យ ស្រូវអង្ករកម្ពុជា។
សេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាជម្រាបជូន សមាជិក សមាជិកាទាំងអស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាសាធារណជនទូទៅ នៅថ្ងៃទី ៤ ខែកញ្ញា ឱ្យដឹងថា« ក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ប្រទេសអូស្ត្រាលី តាមរយៈ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម សហគ្រិនខ្មែរ និង គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៏អន្តរជាតិ Feed the Future Cambodia Harvest III សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ “ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និង និរន្តរភាព” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា»។
ប្រភពដដែលបន្តថា៖ «កម្មវត្ថុចម្បងនៃវេទិកាស្រូវអង្ករកម្ពុជាឆ្នាំ២០២៤នេះគឺដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យ ស្រូវអង្ករកម្ពុជា ចែករំលែកពីនិន្នាការនៃទីផ្សារ ការដាំដុះ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃ ស្រូវអង្ករ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើ វិស័យស្រូវអង្ករកម្ពុជា និងស្វែងរកធាតុចូល និងអនុសាសន៏នានាសម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា»។
បើតាមសេចក្តីជូនដំណឹង ពិធីបើកនៃវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដេរិក យីប ឯកអគ្គ រាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការ ចូលរួមពី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជា ថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល អគ្គរាជទូត អគ្គរដ្ឋទូត អ្នកនាំចេញ អតិថិជនអ្នកនាំចូលអន្តរជាតិ សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ឋចំនួន ៤០០ នាក់។ លើសពីនេះ នៅក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក៏មានការចូលរួមធ្វើបទបង្ហាញ និងពិភាក្សាពីអ្នកជំនាញសំខាន់ៗពីថ្នាក់ជាតិ និងអន្តរជាតិ ទៅលើ ប្រធានបទសំខាន់ចំនួន ៣ ដូចជា៖១ “គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា” ២ “គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ” ៣ “និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង” ៕