អបអរសាទរ ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្លាយជាម្ចាស់ពានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក លី ជុន បានក្លាយជាម្ចាស់ពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ រួមជាមួយប្រាក់រង្វាន់១០០លានរៀល ក្រោយយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត (SAMDECH MOHA BORVOR THIPADEI 2024) នេះ គឺក្រុមជម្រើសជាតិកម្ពុជា ជាម្ចាស់ជើងឯក ទទួលទឹកប្រាក់លើកទឹកចិត្តចំនួន ១០០លានរៀល ក្រុមលេខលេខ២ ម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០លានរៀល ក្រុមលេខ៣ សិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០លានរៀល និងក្រុមលេខ៤ ឡាវ ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន១០ លានរៀល។
សម្រាប់ក្រុមដែលចូលរួមពានរង្វាន់ខាងលើនេះ គឺសុទ្ធតែជ្រើសចេញពីពានរង្វាន់ SEA V.League Challenge ដោយមានក្រុមចូលរួមចំនួន៤ រួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែលចាប់ប្រកួតពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានកក់កៅអីឡើងទៅលេងក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ាន ផ្នែកបុរស SEA V.League ឆ្នាំ២០២៥រួចរាល់ហើយ ក្រោយឈរកំពូលតារាងនៅក្នុងពានរង្វាន់ SEA V.League Challenge ដែលបានបញ្ចប់នៅរាត្រីថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤។ដូច្នេះ កម្ពុជា ឡើងទៅប្រកួតក្នុងពានរង្វាន់តំបន់អាស៊ាននេះ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕