ចេញពីអឺរ៉ុប ទៅអាស៊ី ! Joao Cancelo ចែកផ្លូវជាមួយ Man City ទៅចូលរួមជាមួយ Al Hilal
(បាល់ទាត់)៖ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ កីឡាករ Joao Cancelo បានសម្រេចចាក់ចេញពីក្លិប Manchester City ដោយចុះហត្ថលេខាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal។ នេះបើតាមសេចក្ដិប្រកាសរបស់ក្លិបនៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។
យោងតាមកាសែតក្នុងស្រុកបានឲ្យដឹងថា Joao Cancelo ផ្លាស់ទៅចូលរួមជាមួយក្រុមជើងឯកអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងតម្លៃ ២៨លានដុល្លារ ពីក្រុមមេឃខៀវ Manchester City។ ខ្សែការពារកណ្តាលព័រទុយហ្គាល់រូបនេះ នឹងទទួលបានថ្លៃនឿយហត់ ២០លានដុល្លារក្នុង ១ឆ្នាំនៃក្របខណ្ឌ Saudi Pro-League ជាមួយនឹងកិច្ចសន្យារយៈពេល៣ឆ្នាំ។
Joao Cancelo បានចូលរួមជាមួយ Man City ពីក្រុមសេះបង្កង់ Juventus នៅឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួនប្រមាណ ៦៧ លានដុល្លារ ហើយបានឈ្នះពានរង្វាន់ Premier League និង Carabao Cup ក្នុងពីររដូវកាលដំបូងនៅក្លឹប។ រូបគេក៏បានបង្ហាញខ្លួនចំនួន ២៦ដង ក្នុងរដូវកាល ២០២២/២៣ មុនពេលផ្ទេរទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងទីផ្សារដោះដូរកីឡាករខែមករា។ មិនតែប៉ុណ្ណោះ កីឡាករវ័យ ៣០ឆ្នាំរូបនេះ ក៏បានចំណាយពេលពេញមួយយុទ្ធនាការ ២០២៣/២៤ ក្នុងការខ្ចីជើងនៅអេស្ប៉ាញ ជាមួយ Barcelona ផងដែរ។
សរុបមក Cancelo បានបង្ហាញខ្លួន ១៥៤ លើក សម្រាប់ Man City ដោយស៊ុតបញ្ចូលទីបាន ៩គ្រាប់ សម្រាប់ក្រុមរបស់លោក Pep Guardiola ហើយឥឡូវនេះផ្លាស់ទៅ Saudi Pro League សម្រាប់ការប្រកួតប្រជែងថ្មី។
មុនពេលបញ្ចប់ការផ្លាស់ប្តូររបស់គាត់ Cancelo បាននិយាយថា “ខ្ញុំចង់ជូនពរអ្នកគ្រប់គ្នានៅ City បន្តជោគជ័យនាពេលអនាគត។ ខ្ញុំមានពេលវេលាពិសេសៗជាច្រើនក្នុងអំឡុងពេលរបស់ខ្ញុំនៅទីនេះនៅក្លឹបដ៏អស្ចារ្យនេះ។ ខ្ញុំសូមអរគុណមិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក បុគ្គលិកទាំងអស់នៅ City និងអ្នកគាំទ្រសម្រាប់អ្វីគ្រប់យ៉ាងក្នុងអំឡុងពេលរបស់ខ្ញុំនៅទីនេះ៕