Close

កម្ពុជា​ បានជម្រះខ្លួនរួចផុតពី «បញ្ជីប្រផេះ» ដោយជោគជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា​ បានជម្រះខ្លួនរួចផុតពី «បញ្ជីប្រផេះ» ដោយជោគជ័យ កម្ពុជា​ បានជម្រះខ្លួនរួចផុតពី «បញ្ជីប្រផេះ» ដោយជោគជ័យ

ភ្នំពេញ ៖ កម្ពុជា ត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស ដាក់នៅក្រៅ «បញ្ជីប្រផេះ» ខណៈដែលប្រទេសដែលជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ»នេះ ជាប្រទេសដែលមានហានិភ័យខ្ពស់ខាងលាងលុយកខ្វក់។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីគេចចេញពីប្រទេសដែលកំណត់ជាបញ្ជីប្រផេះ នៃក្រុមការងារហិរញ្ញវត្ថុ FATF ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីថ្មីៗនេះថា កម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរួចរាល់អស់ហើយ។ នៅពេលកម្ពុជាចាកចេញពីបញ្ជីប្រផេះ មកជា «បញ្ជីស» វិញនោះ អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេសមកកាន់កម្ពុជា។

ឯកឧត្តម បានថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងខ្លាំងលើកិច្ចការប្រឆាំងការលាងលុយ ឬសម្អាតប្រាក់នេះ ដើម្បីអាចរំដោះខ្លួនចេញពីក្រុមប្រទេសក្នុងបញ្ជីប្រផេះរបស់អង្គការ FATF នេះបាន ដើម្បីមកស្ថិតក្នុង «បញ្ជីស» ជាប្រយោជន៍អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុ ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មពីបរទេសមកកម្ពុជាបន្ថែម។

សូមជម្រាបថា នៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៣នេះ ប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ដឹកនាំដោយលោកស្រី មី-លីន វ៉ាង (Mei-Lin Wang) មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យ និងស្វែងយល់លម្អិតពីភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងពិរប្រាកដរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងក្រោមកិច្ចខិតខំប្រឹងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង