Close

កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើទីតាំងចំណុចតភ្ជាប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅនឹងផ្លូវល្បឿនលឿនរបស់វៀតណាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើទីតាំងចំណុចតភ្ជាប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅនឹងផ្លូវល្បឿនលឿនរបស់វៀតណាម កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើទីតាំងចំណុចតភ្ជាប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅនឹងផ្លូវល្បឿនលឿនរបស់វៀតណាម

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយ លោក ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការ ពិភាក្សាលើទីតាំងចំណុចតភ្ជាប់ (Connecting Point) នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន របស់វៀតណាម និងវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

កិច្ចប្រជុំនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន វឌ្ឍនភាពការងារដែលកំពុងអនុវត្ត និងផែនការការងារដែលគ្រោងនឹងធ្វើក្នុងជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើទីតាំងចំណុចតភ្ជាប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅនឹងផ្លូវល្បឿនលឿនរបស់វៀតណាម

ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងលោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាជិក សមាជិកា សហការគ្នាឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មានទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគ សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ “BOT”៕