Sergio Ramos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិទាំងក្ដុកក្ដួល ក្រោយបង្ហាញខ្លួនបាន ១៨០ប្រកួត
ខ្សែការពារ Paris Saint-Germain កីឡាករ Sergio Ramos បានប្រកាសនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះថា លោកនឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ(ក្រុមជម្រើសជាតិអេស្ប៉ាញ) បន្ទាប់ពីការបង្ហាញខ្លួនសរុបចំនួន ១៨០ ប្រកួត ជាកន្លែងដែលគាត់បានឈ្នះអ្វីៗគ្រប់យ៉ាងជាមួយប្រទេសរបស់គាត់។
Ramos បានបង្ហើបថា គ្រូបង្វឹកបច្ចុប្បន្ន លោក Luis de la Fuente បានទូរស័ព្ទមកគាត់ ហើយបាននិយាយថា ខ្សែការពារ PSG រូបនេះ នឹងមិនស្ថិតក្នុងគម្រោងអនាគតរបស់លោកនោះទេ។
បន្ទាប់មក Ramos បានសរសេរនៅលើ Instagram របស់លោកថា៖« ពេលវេលា បានមកដល់ហើយ។ ដល់ពេលខ្ញុំនិយាយលាក្រុមជម្រើសជាតិអេស្ប៉ាញ ហើយ។ នៅព្រឹកនេះ ខ្ញុំបានទទួលការហៅទូរស័ព្ទពីគ្រូបង្វឹក បច្ចុប្បន្ន ដែលបានប្រាប់ខ្ញុំថា មិនថាខ្ញុំលេងបានល្អ ឬបានជួយក្រុមជម្រើសជាតិច្រើនយ៉ាងណាអ្វីក៏ដោយ ខ្ញុំនឹងមិនមែនជាផ្នែកមួយនៃផែនការរបស់គាត់នោះទេ»។
កំពូលខ្សែការពារកាចរូបនេះ បានបន្តថា ៖«ខ្ញុំតែងតែជឿជាក់ថា ដំណើរនេះ សមនឹងបញ្ចប់ដោយការជ្រើសរើសរបស់ខ្ញុំផ្ទាល់ ឬដោយសារតែការលេងរបស់ខ្ញុំ មិនសមនឹងក្រុមជម្រើសជាតិ តែនេះមិនទេ។ អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ វាមិនទាក់ទងនឹងទម្រង់លេង ឬសមត្ថភាពនោះទេ។ ខ្ញុំពិតជាកោតសរសើរ និងការច្រណែន ចំពោះ Modric, Messi, Pepe… ចំពោះប្រពៃណី តម្លៃ គុណធម៌ និងយុត្តិធម៌ក្នុងបាល់ទាត់របស់ប្រទេសពួកគេ។ ជាអកុសល ខ្ញុំមិនដូចពួកគេទេ ព្រោះបាល់ទាត់មិនតែងតែយុត្តិធម៌ ហើយបាល់ទាត់មិនគ្រាន់តែជាបាល់ទាត់ទេ»។
គួររំលឹកថា Ramos បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ប្រទេសអេស្ប៉ាញ នៅអាយុ ១៨ឆ្នាំ ក្នុងខែមីនា ២០០៥ ក្នុងការប្រកួតមិត្តភាព ដែលអេស្ប៉ាញ ឈ្នះ ៣-០ លើប្រទេសចិន ហើយក្លាយជាកីឡាករវ័យក្មេងបំផុត បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ក្នុងរយៈពេល ៥៥ឆ្នាំ។
អតីតខ្សែការពារក្រុម Real Madrid វ័យ ៣៦ឆ្នាំ រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១៨០ ដែលជាកីឡាករដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិច្រើនបំផុតរបស់អេស្ប៉ាញ ហើយស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ ក្នុងនាមជាខ្សែការពារ។ Ramos បានឈ្នះពានរង្វាន់ FIFA World Cup ក្នុងឆ្នាំ ២០១០ និងពានរង្វាន់ Euros ចំនួនពីរដង ក្នុងឆ្នាំ ២០០៨ និង ២០១២ និងជាប្រធានក្រុមជម្រើសជាតិ អស់រយៈពេល ៥ឆ្នាំ៕