កីឡាករដែលជួយឥណ្ឌូណេស៊ី លើកពានស៊ីហ្គេមនៅកម្ពុជា Marselino Ferdinan ផ្លាស់ទៅលេងលីគទី២ នៅអង់គ្លេស
កីឡាករ Marselino Ferdinan ដែលជាកីឡាករបាល់ទាត់វ័យក្មេងដ៏ជោគជ័យបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាជាផ្លូវការជាមួយក្រុម Oxford United សមាជិកលីគលំដាប់ទី២ អង់គ្លេស 𝗘𝗙𝗟 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 ។
កីឡាករ Marselino Ferdinan នឹងក្លាយជាកីឡាករដើមកំណើតឥណ្ឌូនេស៊ីដំបូងគេ ដែលមានវត្តមាននៅក្នុងការប្រកួតជើងឯក 𝗘𝗙𝗟 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 របស់អង់គ្លេស។
បន្ទាប់ពីបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ឥណ្ឌូនេស៊ី Marselino Ferdinan ចំនួនអ្នកតាមដាន Instagram របស់ក្រុម Oxford United បានកើនឡើងជាង ៧៥,000នាក់ ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។
ដោយបង្ហាញពីក្តីរំភើបរបស់គេ ចំពោះការផ្លាស់ប្តូរនេះ Marselino បាននិយាយថា “ខ្ញុំពិតជារំភើប ហើយនៅតែមិនជឿថា ខ្ញុំនៅទីនេះ។ ក្នុងនាមជាកីឡាករដើមកំណើតឥណ្ឌូនេស៊ីដំបូងគេ ដែលបានលេងក្នុងការប្រកួតជើងឯក ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង។ សាររបស់ខ្ញុំទៅកាន់អ្នកគ្រប់គ្នាគឺដើម្បីបន្តគាំទ្រក្រុម ហើយដឹងថា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែង និងតំណាងឱ្យក្លឹបនេះ»។
Marselino ដែលមានវ័យ ១៩ឆ្នាំ បានបង្ហាញខ្លួនជាមួយជម្រើសជាតិចំនួន ២៦ប្រកួត និងស៊ុតបាន ៣គ្រាប់ សម្រាប់ឥណ្ឌូនេស៊ី។ យុវជនរូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ ឈ្នះការប្រកួតកីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា កាលពីឆ្នាំមុន ដែលជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ ព្រោះវាជាពានរង្វាន់លើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣២ឆ្នាំ។
Marselino ទទួលបានកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតសម្រាប់ឥណ្ឌូនេស៊ី ក្នុងកម្រិតអន្តរជាតិ ហើយថ្មីៗនេះ បានក្លាយជាកីឡាករក្មេងបំផុត ដែលស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ Asian Cup៕