ក្រុមហ៊ុន ហ៊ិននីគែនប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
ភ្នំពេញ៖ លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនបរទេសមកបន្ថែមទៀត ព្រមទាំងចូលរួមចំណែកជំរុញឧស្សាហកម្មស្រាបៀរកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមួយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
ការប្តេជ្ញានេះ ធ្វើឡើង នៅ ទី២១ ខែសីហាឆ្នាំ២០២៤ ក្នុងពេល លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងសហការី ស្របពេលដែលក្រុមហ៊ុន គ្រោងនឹងរៀបចំពិធីប្រារព្ធខួប ៣០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះ។
នាឱកាសនោះ លោក Andrew Peter Hewson បានជម្រាបជូន អគ្គលេខាធិការរង អំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេស ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន។ ការណ៍នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ិននីគែន អាចធ្វើប្រតិបត្តិការអាជីវកម្ម និងឈរជើងនៅកម្ពុជាអស់រយៈកាល ៣០ឆ្នាំកន្លងមកនេះ។
ក្នុងជំនួបពិភាក្សានេះ លោក អគ្គលេខាធិការរង បានអបអរសាទរ និងថ្លែងអំណរអរគុណ ចំពោះក្រុមហ៊ុន ហ៊ិននីគែន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ បន្ទាប់ពីកម្ពុជាបានបើកចំហសេដ្ឋកិច្ចឡើងវិញនាឆ្នាំ១៩៩៣។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានោះ លោក អគ្គលេខាធិការរង បានថ្លែងអំណរគុណសារជាថ្មីចំពោះការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងបានជូនពរក្រុមហ៊ុនទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួនបន្តទៀត ដើម្បីបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ៕