អ៊ីរ៉ង់ច្រានចោលចំពោះការអំពាវនាវរបស់ប្រទេសចំនួនបី
បរទេស៖ ប្រទេសអ៊ីរ៉ង់បានច្រានចោលចំពោះការអំពាវនាវរបស់ប្រទេសចំនួនបីនៅក្នុងតំបន់អឺរ៉ុបកាលពីថ្ងៃអង្គារដែលជំរុញឱ្យខ្លួនកុំសងសឹកណាមួយនាំឱ្យមានភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង។ ប្រទេសអ៊ីរ៉ង់បានចាត់ទុកសំណើរបស់ប្រទេសទាំងបីរនេះ ជាសំណើដ៏ហួសហេតុ។
មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទបានស្នើឱ្យប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនជៀសវាងការសងសឹកចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់កាលពីខែមុន ខណៈ ប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសប្រទេសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ។
មេដឹកនាំអឺរ៉ុបក៏បានគាំទ្រការជំរុញចុងក្រោយបំផុតដោយអ្នកសម្រុះសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកក្នុងការធ្វើអន្តរការីលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ ការពិភាក្សាត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃព្រហស្បតិ៍។
មេដឹនាំទាំងនេះ ក៏បានអំពាវនាវឱ្យមានការវិលត្រឡប់នៃចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស និងការប្រគល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដោយមិនមានការរំខាន។
អ្នកសម្រុះសម្រួលបានចំណាយពេលជាច្រើនខែដើម្បីព្យាយាមធ្វើឱ្យភាគីទាំងពីរយល់ព្រមលើផែនការបីដំណាក់កាល ដែលក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនដែលអ៊ីស្រាអែលចាប់ដាក់គុក ហើយអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ហ្គាហ្សា។
បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាង ១០ ខែមកនេះ ចំនួនអ្នកស្លាប់គឺជិត ៤0,000 នាក់នៅក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមក្រសួងសុខាភិបាលនៅទីនោះ៕