មន្រ្តីនៃក្រសួងសុខាភិបាលអំពាវនាវឱ្យគណៈឱសថការីខេត្តសៀមរាប រួមគ្នាទប់ស្កាត់ឱសថក្លែងក្លាយ
សៀមរាប៖ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានអំពាវនាវ និងណែនាំទៅដល់គណៈឱសថការីនៅក្នុងខេត្តសៀមរាប ទាំងអស់ត្រូវចូលរួមសហការ រួមគ្នាទប់ស្កាត់ការដាក់លក់ឱសថក្លែងក្លាយ បាននឹងកំពុងផ្សព្វផ្សាយ នៅលើ បណ្ដាញសង្គមនានាដែលវាធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់។
ការអំពាវនាវនេះ ធ្វើឡើង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ការគ្រប់គ្រងអ្នកប្រកបវិជ្ចាជីវៈវិស័យសុខាភិបាល
ឯកឧត្តមបានបន្តថា កន្លងមកនេះ ក្រុមគណៈឱសថការីកម្ពុជាបានសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងដាក់លក់ឱសថជាច្រើន ដែលគ្មានការចុះបញ្ជីការត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ឯកឧត្តម ថ្លែងថា៖«ដូច្នេះក្នុងនាមជាឱសថការីជាអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ការដាក់លក់ឱសថក្លែងក្លាយនៅតាមឱសថស្ថាននានា និងលើបណ្ដាញសង្គមឱ្យខានតែបានតាមរយៈការត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងបញ្ឈប់ការទិញរាល់ឱសថណាដែលគ្មានកាលបរិច្ឆេទ និងប្រភពច្បាស់លាស់គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវយកមកលក់បន្តទៀត ដើម្បីសំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋយើង»។
ជាមួយគ្នានេះដែរ លោកស្រីឱសថការី លី វណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ឱ្យឱសថការីគ្រប់គ្នាបានយល់ដឹងអំពី ពីក្រមសីលធម៌ឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីទុកជាគតិយុត្ត ក្នុងការអនុវត្តកិច្ចការឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
លោកស្រីបានបន្តថា ក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប និងខិតខំរួមគ្នាទប់ស្កាត់ការដាក់លក់ឱសថក្លែងក្លាយ និង ឱសថខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែមានប្រសិទ្ធភាព៕