Close

ផ្លែដូង​កម្ពុជា​ នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
ផ្លែដូង​កម្ពុជា​ នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន ផ្លែដូង​កម្ពុជា​ នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ​ : នៅក្នុងចំណោមកសិផលស្រស់របស់កម្ពុជា ដែលក្នុងនោះក៏មានផ្លែដូងផងនោះ នឹងត្រូវជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន​ ជាពិសេសទៅកាន់ខេត្តហាយណានដែលជាទីផ្សារគោលដៅក្រោយកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម និងអ​ភិបាល​រងខេត្តហាយណាន។

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ដ្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផល ដូចជា​ ៖ ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា និងរូបឯកឧត្តមផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាជំរុញនិងជ្រោមជ្រែងការផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ផែនការជំនួញ (Business Plan) ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។

ឯកឧត្តម​ ឌិត​ ទីណា​ បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់៕

អត្ថបទទាក់ទង